ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមដល់គ្រប់តួអង្គទាំងអស់ដែលពាក់ព័ន្ធនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព។
ទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលរយៈពេល ៩ខែ នៃការអនុវត្តយុទ្ធនាការទាំង ២ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា តាមរយៈទិន្នន័យនៃការអនុវត្តយុទ្ធនាការ ក្នុងរយៈពេល ៩ខែ កន្លងទៅនេះ, ទាំងយន្តការអនុវត្តយុទ្ធនាការទាំង ២ ទាំងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានខិតខំអនុវត្តការងាររបស់ខ្លួន រហូតទទួលបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងល្អ។
ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់យន្តការចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏ដូចជា ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីទាំងអស់នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តយុទ្ធនាការយ៉ាងសកម្ម ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ លើគ្រប់សំណុំរឿង ជាពិសេស សំណុំរឿងអាទិភាពទាំង ៤ រួមមាន សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមដល់គ្រប់តួអង្គទាំងអស់ដែលពាក់ព័ន្ធនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានផ្ដល់ជូននូវកុំព្យូទ័រមួយចំនួនដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ផងដែរ៕ រក្សាសិទ្ធដោយ៖ សុទ្ធលី