រាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង
ស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតសន្និសីទ អន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅវិមាន ៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ ដើម្បីឱ្យការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិខាងលើប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រារព្ធពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរមមាញឹកខ្លាំង។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី