Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរដ្ឋសភាកម្ពុជា សម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលជាការយល់ច្រឡំ និងមានភាពលម្អៀងដោយ ផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តី សម្រេចរបស់សភាអឺរ៉ុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលជាការយល់ច្រឡំ និងមានភាពលម្អៀងដោយ ផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង។ ការចោទប្រកាន់ដ៏អយុត្តិធម៌នេះ បានប៉ះពាល់ដល់កិច្ច ខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ព្រមទាំងគោលការណ៍ ប្រជាធិបតេយ្យ។

ការអំពាវនាវនៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ សកម្មជន និងអ្នកសារព័ត៌មាន ពុំបានឆ្លុះបញ្ចាំងការពិតនៅកម្ពុជានោះឡើយ។ នៅកម្ពុជាមិនទាន់មានអ្នកទោស នយោបាយនោះទេ។ ការលើកឡើងដែលថាអាជ្ញាធរកំពុងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌជាវិធីដើម្បីបំបិទមាត់ សង្គមស៊ីវិលនោះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។ ចំណាត់ការផ្លូវច្បាប់កន្លងមកគឺធ្វើឡើងស្របតាមច្បាប់ នីតិវិធីតុលាការ ស្របតាមធាតុផ្សំនៃបទល្មើសក្នុងគោលបំណងរក្សា សណ្តាប់ធ្នាប់សាធារណៈ និងគណនេយ្យភាព សង្គមដោយផ្អែកលើប្រព័ន្ធច្បាប់។

លំហនយោបាយនិងសង្គមស៊ីវិល គឺមានលក្ខណៈសេរី និងបើកចំហ ដែលមិនអាចប្រកែកបាន តាមរយៈ វត្តមានដ៏ច្រើននៃអង្គការសង្គមស៊ីវិល (CSOs) មានចំនួនរហូតជាង៦,០០០ ដែលបានចុះបញ្ជីនិងបណ្តាញ ផ្សព្វផ្សាយបែបប្រពៃណីនិងឌីជីថលជិត ២,០០០ រួមទាំងបណ្តាញសារព័ត៌មានសំខាន់ៗ របស់អន្តរជាតិផងដែរ បាននិងកំពុងដំណើរការដោយគ្មានការហាមឃាត់ ត្រួតពិនិត្យ ឬគាបសង្កត់នោះឡើយ។ កម្ពុជាបានកំពុងខិតខំ ប្រឹងប្រែងនិងទទួលបាននូវវឌ្ឍនភាពយ៉ាងច្រើន ក្នុងការដោះស្រាយបញ្ហាប្រឈមដែលអង្គការសង្គមស៊ីវិល កំពុងជួបប្រទះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូរវាងរដ្ឋាភិបាលនិងសង្គម ស៊ីវិល តាមរយៈ ការបង្កើតឱ្យមាននូវវេទិកាពិគ្រោះយោបល់ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលបានរៀបចំធ្វើឡើងជា ប្រចាំនៅរៀងរាល់ពីរឆ្នាំម្តង នៅទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងក្រុមការងារ ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»បានកំពុងដំណើរយ៉ាងសកម្មតាមសំណើរបស់អង្គការសង្គមស៊ីវិល។

ការបោះឆ្នោត – កម្ពុជាបានរៀបចំការបោះឆ្នោតជាសកលនិងអសកលជាទៀងទាត់តាមច្បាប់កំណត់ ដោយលក្ខណៈសេរី តម្លាភាព និងយុត្តិធម៌។ ការបោះឆ្នោតជាសកលនៅឆ្នាំ ២០២៣ មានកំណត់ត្រាអ្នកបោះឆ្នោត ខ្ពស់ ដែលមានចំនួន ៨៤.៥៩% ហើយគណបក្សនយោបាយចូលរួមប្រកួតប្រជែងមានចំនួន ១៨ គណបក្ស។ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃជាទូទៅថាមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានអ្នកសង្កេត ការណ៍ក្នុងស្រុក និងអន្តរជាតិរាប់ម៉ឺននាក់ ដែលក្នុងនោះមាន ៣៣៣ នាក់មកពីបរទេសតំណាងឱ្យ ៦៥ ប្រទេស។
ឈរលើស្មារតីបង្រួបបង្រួមជាតិ ភាគច្រើននៃទណ្ឌិត ដែលពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការបះបោរ នៅក្នុងប្រទេស កាលពីកន្លងមកនេះ ត្រូវបានដោះលែង និងលើកលែងបម្រាមការធ្វើសកម្មភាពនយោបាយរបស់ ពួកគេ ហើយអ្នកទាំងនោះបានវិលមកចូលរួមសកម្មភាពនយោបាយយ៉ាងពេញលេញវិញ ដោយអ្នកខ្លះបាន បង្កើតគណបក្សនយោបាយនិងចូលរួមជាមួយគណបក្សនយោបាយផ្សេងទៀត ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត នានា ដោយសេរីនិងស្មើភាព។

សិទ្ធិបង្កើតសហជីព និងសមាគមនិយោជក – គិតត្រឹមខែមីនា ឆ្នាំ ២០២៤ អង្គការវិជ្ជាជីវៈចំនួន ៦,៣១៧ រួមទាំង សមាគម សហជីពក្នុងស្រុកចំនួន៥,៩៨៣ សហព័ន្ធសហជីពចំនួន ២៨០ សម្ព័ន្ធសហព័ន្ធសហជីព ចំនួន ៤២ និងសមាគមនិយោជកចំនួន ១២ត្រូវបានចុះបញ្ជី។ បើធៀបនឹងចំនួនអង្គការវិជ្ជាជីវៈក្នុងឆ្នាំ ២០១៦ ចំនួននេះមានការកើនឡើង ៧៤.២១% ដែលជាសក្ខីភាពមិនអាចប្រកែកបានថា ការអនុវត្តសេរីភាព ក្នុងការ បង្កើតសមាគមក្រោមច្បាប់ ស្តីពីសហជីពត្រូវបានធ្វើឡើង ក្នុងបរិយាកាសអំណោយផលនិងស្របតាមអនុសញ្ញា របស់អង្គការពលកម្មអន្តរជាតិ (ILO) ។

កម្មវិធីរោងចក្រកាន់តែប្រសើររបស់ ILO (ILO BFC) – កម្ពុជាគឺជាប្រទេសដំបូងគេ ដែលបានអនុវត្ត គម្រោងរបស់ ILO ដែលទទួលបានជោគជ័យបំផុត ដែលឥឡូវនេះត្រូវបានចម្លងទៅប្រើនៅប្រទេសផ្សេងទៀត ដោយដាក់ឈ្មោះថា «កម្មវិធីការងារកាន់តែប្រសើរ» (Better Work Program) ។ តាមរបាយការណ៍ចុងក្រោយ របស់ILO កម្ពុជារក្សាបាននូវអត្រាការងារខ្ពស់នៃកម្លាំងពលកម្មសរុបហើយអត្រាអ្នកអត់ការងារធ្វើមានកម្រិត ទាបបំផុតក្នុងចំណោមប្រទេសមានកម្រិតកំណើនសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នា និងទាបជាងប្រទេសដទៃទៀត នៅក្នុងតំបន់។ ភាពជោគជ័យរបស់កម្ពុជា រួមមាន៖ ការអភិវឌ្ឍទីផ្សារការងារ ដែលមានភាពធន់ និងប្រាក់ ចំណូលខ្ពស់ សម្រាប់អ្នកដែលមានលក្ខខណ្ឌការងារប្រសើរជាងមុន ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាព របស់កម្មករទាំងផ្លូវការ និងក្រៅផ្លូវការ។

កម្ពុជាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធ និងភាពជាដៃគូប្រកបដោយផ្លែផ្កាជាមួយសហភាព អឺរ៉ុប ដោយផ្អែកលើតម្លៃរួម ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។ ដូច្នេះយើងសូមអញ្ជើញ សមាជិកសភាអឺរ៉ុប ដែលពាក់ព័ន្ធមកបំពេញទស្សនកិច្ចនៅកម្ពុជានិងចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បី ស្វែងយល់អំពីលំហប្រជាធិបតេយ្យនិងសិទ្ធិការងារនៅកម្ពុជា។

រដ្ឋសភាកម្ពុជា សូមបញ្ជាក់សាជាថ្មីដល់សហគមន៍អន្តរជាតិថា ការលើកកម្ពស់ និង ការការពារ សិទ្ធិមនុស្ស នៅតែជាអាទិភាពនៃអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនិងបានប្តេជ្ញាការពារសិទ្ធិរបស់បុគ្គល គ្រប់រូបក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ។ ជាងនេះទៅទៀត រដ្ឋសភាលើកទឹកចិត្តយ៉ាងខ្លាំង ដល់សមាជិកសភាអឺរ៉ុប ដែល បានដាក់ស្នើញត្តិឱ្យមានសេចក្តីសម្រេចចិត្តនេះ សូមមេត្តាពិចារណាឡើងវិញ នូវទស្សនៈរបស់ខ្លួន ហើយធ្វើការ វាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ តាមការពិតជាក់ស្តែង និងមិនលម្អៀងដើម្បីផ្តល់យុត្តិធម៌ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំលើកកម្ពស់សុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×