ភ្នំពេញ-តារាសម្តែងអ្នកនាង ភិន ដាលីស មិនត្រឹមតែធ្វើឲ្យខ្សែរភាពយន្តដែលខ្លួនសម្តែងទទួលបានការគាំទ្រច្រើនដែលធ្វើឲ្យអាជីពសម្តែងរបស់នាងបានជោគជ័យមួយកម្រិតបន្ទាប់ពីនាងបានតំណែងតួរឯក សម្រាប់ខ្សែរភាពយន្តភាគ។ ចំណែកថ្មីៗនេះ នាងក៏បានជោគជ័យមួយផ្នែកទៀត ស្របពេលដែលនាងមានឱកាសបានចេញទៅបញ្ចប់ការសិក្សាផ្នែក Design ផ្ទៃរឿង និងការតុបតែងមុខរយៈពេលកន្លះខែនៅឯប្រទេសមហាអំណាចសហរដ្ឋអាមេរិក។
កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តារាសម្ដែងមេម៉ាយចាយសម្រស់ ភិន សុដាលីស បានចេញដំណើរ ទៅសហរដ្ឋអាមេរិក
ដោយមានទាំងលោកឪពុក លោក អ៊ិន សុភិន ជូនដំណើរផង ប៉ុន្តែការចេញដំណើរលើកនេះ ពុំមែនជាការកម្សាន្តលំហែកាយ
ឬសម្ដែងដើម្បីរកលុយទេ គឺនាងទៅរៀនជំនាញផលិតភាពយន្តក្នុងន័យមកពង្រឹងផលិតកម្មមហាហង្សដែលជាមុខរបរមួយប្រចាំគ្រួសាររបស់នាង បន្ថែមទៀត។
ដាលីស និយាយថា នាងទៅអាមេរិក លើកនេះ គឺទៅបំប៉នជំនាញឌីហ្សាញរបស់នាង ដែលរៀនជិតចប់ ជាមួយនឹងក្រុមឌីហ្សាញ
របស់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីខាងសហរដ្ឋអាមេរិក ផ្ដល់សិទ្ធិឲ្យនាងទៅសិក្សាកន្លះខែ។ នាងបន្តថា ការចេញទៅអាមេរិកនៅពេលនេះគឺពាក់ព័ន្ធនឹងការផលិតភាពយន្តភាគច្រើន ដោយសារតែការរៀបចំវគ្គខ្លី នៅលើទឹកដីអាមេរិក គេគ្រោងបណ្ដុះបណ្ដាលឲ្យមានការយល់ដឹងកាន់តែច្បាស់ពីការតែងមុខ និងការឌីហ្សាញផ្ទៃរឿង តើថា ត្រូវធ្វើបែបណាឲ្យត្រូវទៅហ្នឹងសាច់រឿង និងឲ្យមានភាពទាក់ទាញនៅពេលចេញជាខ្សែភាពយន្ត។
លោកអ៊ិន សុភិន បានថ្លែងថានេះជាមានមោទនភាព មួយដែលកូនស្រី បានក្លាយជាអ្នកឌីហ្សាញ និងជាអ្នកគូរប្លង់សម្រាប់ ភាពយន្តដ៏ជំនាញម្នាក់ នាពេលអនាគត ដើម្បីជួយផលិតកម្មមហាហង្ស ឲ្យកាន់តែរឹងមាំ នឹងទទួលបានការគាំទ្របន្ថែមទៀត៕ ដោយ-គីម ស្រីរ័ត្ន