ជនជាតិអាល្លឺម៉ង់បានប្រមូលផ្តុំគ្នានៅទីក្រុង Magdeburg ដើម្បីកាន់ទុក្ខទៅដល់ជនរងគ្រោះ នៃការវាយប្រហារបុករះដោយរថយន្ត កាលពីពេលថ្មីៗនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងរបួស ២០០ នាក់។
យោងតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់បានបើករថយន្តចូលទៅក្នុងផ្សារ Christmas នៅខាងក្រៅដែលមានមនុស្សកកកុញ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ដោយបានសម្លាប់មនុស្សពេញវ័យ៤នាក់ និងទារកម្នាក់ និងរងរបួសធ្ងន់ស្រាលយ៉ាងច្រើននាក់ ខណៈចំនួនអ្នកស្លាប់នឹងអាចកើនឡើង។
ពិធីរំលឹកវិញ្ញាណក្ខន្ធបានធ្វើឡើងនៅក្នុងវិហារ Magdeburg ដោយមានប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier ចូលរួមផងដែរ។ ខណៈព្រឹត្តិការណ៍កាន់ទុក្ខនេះ ក៏ត្រូវបានប្រារព្ធធ្វើនៅទូទាំងទីក្រុង។
កន្លែងជាច្រើនផ្សេងទៀត នៅក្នុងប្រទេសអាឡឺម៉ង់ ត្រូវលុបចោលទីផ្សារបុណ្យណូអែល នៅចុងសប្តាហ៍នេះ ដើម្បីជាការប្រុងប្រយ័ត្នចំពោះឧប្បត្តិហេតុស្រដៀងគ្នានេះ ។
ទោះជាយ៉ាងណា ទីក្រុងប៊ែកឡាំង ក៏បានរក្សាផ្សារជាច្រើនបើកចំហ ប៉ុន្តែបានបង្កើនវត្តមានប៉ូលិសនៅទីនោះ។
ជនសង្ស័យ ក្នុងអំពោះវាយប្រហារបើករថយន្តបុករះនេះ គឺជាវេជ្ជបណ្ឌិតអន្តោប្រវេសន៍ អាយុ៥០ឆ្នាំ ដែលបានអះអាងថាខ្លួនជាសកម្មជនរិះគន់សាសនាឥស្លាម បានប្រគល់ខ្លួនឲ្យប៉ូលិសនៅកន្លែងកើតហេតុ។
ព្រះរាជអាជ្ញាអាល្លឺម៉ង់លោក Horst Walter Nopens បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យកំពុងត្រូវបានស៊ើបអង្កេតលើការចោទប្រកាន់ចំនួន ៥ នៃឃាតកម្ម និង ២០៥ ករណីនៃការប៉ុនប៉ងឃាតកម្ម។
ព្រះរាជអាជ្ញា Nopens បានបន្តថា មអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលថា តើការវាយប្រហារនេះអាចបណ្តាលមកពីការមិនពេញចិត្តរបស់ជនសង្ស័យ ចំពោះការប្រព្រឹត្តរបស់អាល្លឺម៉ង់ ចំពោះជនភៀសខ្លួនអារ៉ាប៊ីសាអូឌីត ឬយ៉ាងណា?
ប៉ូលីសមិនបានបញ្ចេញឈ្មោះជនសង្ស័យជាសាធារណៈនោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ជាច្រើនបានដកស្រង់ប្រភពដែលកំណត់អត្តសញ្ញាណជនសង្ស័យថាជាមានឈ្មោះ Taleb Al Abdulmohsen ដែលជាអ្នកឯកទេសផ្នែកចិត្តសាស្រ្ត និងព្យាបាលចិត្តសាស្ត្រ។
គួរបញ្ជាក់ថា ប្រទេសអាឡឺម៉ង់បានទទួលរងការវាយប្រហារជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការវាយប្រហារដោយកាំបិត ដែលបានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និង ៨ នាក់រងរបួស នៅឯពិធីបុណ្យមួយក្នុងទីក្រុង Solingen ក្នុងខែសីហា កន្លងមក៕