Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជិន ម៉ាលីន គូសបញ្ជាក់ថា ចំពោះករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មាន ករណីក្មេងទំនើង ដែលតែងតែបង្កអំពើហិង្សា កាប់ប្រហារគ្នា អុកឡុកសង្គម នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីបំភ្លឺជូនដោយផ្ទាល់ ដល់អ្នកសារព័ត៌មាន និងជនរួមជាតិ អំពីចំណាត់ការផ្លូវច្បាប់លើ ករណីក្មេងទំនើងនេះ និងលទ្ធផលទទួលបានក្រោយពេលប្រកាសចេញយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ បានថ្លែងថា សា្ថប័នអយ្យការ និងតុលាការ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើករណីក្មេងទំនើងនេះ ដោយភាគច្រើនត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទ ធ្វើឲ្យខូតខាតដោយចេតនា ធ្វើឲ្យខូតខាតដោយចេតនាមានស្ថានទម្ងន់ទោស ហិង្សាដោយចេតនា ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម ដែលមានទោសចាប់ពី១ឆ្នាំ ដល់៤ឆ្នាំ ហើយអនីតិជនត្រូវបានបន្ថយពាក់កណ្ដាលនៃនីតិជន។

ចំពោះករណីក្មេងទំនើងខាងលើនេះ បើពិនិត្យអំពីទំនាក់ទងហេតុដែលនាំឲ្យមានបទល្មើស គឺពាក់ព័ន្ធភាគច្រើននឹងការសេពគប់មិត្តខុស ដើលេងស៊ីផឹកពេលយប់ គំនុំគុំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀន ជាដើម។ ក្រោយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ពាក់ព័ន្ធករណីក្មេងទំនើងនេះ គឺមានការ ថយចុះ ដោយយើងអាចប្រៀបធៀបនូវករណីសំណុំរឿងនៅក្នុងខែដំបូងនៃការចាប់ផ្តើមយុទ្ធនាការ ប៉ុន្ដែត្រូវបន្តនូវវិធានការម៉ឺងម៉ាត់នេះតទៅទៀត ដោយគ្មាការលើលែង ដើម្បី ការពារ និងថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ពិសេសភាពសុខសាន្តរបស់ប្រជាជន។

ឯកឧត្តម ជិន ម៉ាលីនបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដវិធានការម៉ឺងម៉ាត់ករណីក្មេងទំនើងដោយមិនលើកលែង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមជិន ម៉ាលីន បានលើកឡើងថា ការងារទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងនៅកម្ពុជា គឺជាការងារមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ជាពិសេសសម្តេចធិបតី​ ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ កាលពីថ្ងៃទី២៣ ខែឧសភា ដោយបានណែនាំដល់ស្ថាប័នមានសមត្ថកិច្ច តុលាក និងអយ្យការ ត្រូវអនុវត្តវិធានការច្បាប់ ក្នុងនោះទាំងវិធានការរដ្ឋបាល ឱ្យបានម៉ឹងម៉ាត់ និងគ្មានការលើកលែងចំពោះករណីក្មេងទំនើង ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឱ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ។

ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់ថា ចំពោះករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌។ សំណុំរឿងអាទិភាពទាំង៤ របស់ក្រសួងយុត្តិធម៌ រួមមានទី១៖ សំណុំរឿងគ្រឿងញៀន, ទី២៖ ក្មេងទំនើង, ទី៣៖ ចរាចរណ៍ និងទី៤៖ អាត្រានុកូលដ្ឋាន។

សំណុំរឿងក្មេងទំនើងនេះ ត្រូវបានចាត់បញ្ចូលក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ ដែលស្ថាប័នតុលាការ ស្ថាប័នអយ្យការ ត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាប ដើម្បីថែរក្សានូវសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជិន ម៉ាលីន បានអះអាងថា ចំពោះសំណុំរឿងក្មេងទំនើង ស្ថាប័នតុលាការ និងស្ថាប័នអយ្យការ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ និងជាប្រចាំ បន្ទាប់ពីការដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចទាំងអស់ ស្ថានភាពក្មេងទំនើងត្រូវបានថយចុះ បើប្រៀបធៀបពី ១ខែដំបូង និង ១ខែចុងក្រោយមកដល់ពេលនេះ។ ខណៈ១ដំបូងនៃការដាក់ចេញបទបញ្ជាមានរហូតដល់ ៦២៩សំណុំរឿង ក៏ប៉ុន្តែ សម្រាប់១ខែចុងក្រោយ នៅសល់តែ៣៤២សំណុំរឿង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ករណីក្រុមក្មេងទំនើងនោះដែរ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានគូសបញ្ជាក់ថា រយៈពេលជាង៧ខែ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធក្មេងទំនើង ដែលបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានី/ខេត្ត មានសរុប៧២០សំណុំរឿង និងបានចាត់ការសំណុំរឿងទូទាំងប្រទេសបានចំនួន៧១៥សំណុំរឿង ស្មើនឹង៩៩.៣០% និងឃាត់ខ្លួនមនុស្ស ៣,៣០០នាក់។ ក្នុងចំណោមសំណុំរឿងដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរទាំងអស់ គឺបានចាត់ការចំនួន៥១០សំណុំរឿង ដែលស្មើនឹង ៦១.១០ភាគរយ ហើយសំណុំរឿងដែលនៅសល់មានចំនួន២៨០សំណុំរឿង ស្មើនឹង៣៥.៩០ភាគរយ។ ក្នុងចំណោមសំណុំរឿងដែលបានបញ្ជូនទៅចៅក្រមស៊ើបសួរ គឺមានចំនួន ៦៩៦ សំណុំរឿង ដែលត្រូវបានឃុំខ្លួនដោយមានជនជាប់ចោទចំនួន ២,៨៤៩នាក់ ហើយក្នុងចំណោមនោះ មានសំណុំរឿងត្រូវបានជំនុំជម្រះរួចចំនួន៣៥៤ករណី ស្មើនឹង៥៩.១០ភាគរយ ហើយនៅសល់សំណុំរឿងប្រមាណ២៤៥សំណុំរឿងទៀត កំពុងបន្តនីតិវិធី។ ក្នុងចំណោមសំណុំរឿងដែលជំនុំជម្រះនោះ គឺមានការផ្តន្ទាទោស ១,៤៥៩នាក់ផងដែរ។

ឯកឧត្តម កេង សុម៉ារិទ្ធ បានលើកឡើងថា សំណុំរឿងក្មេងទំនើងដែលច្រើនជាងមាននៅក្នុងរាជធានីភ្នំពេញ, ខេត្ដកំពង់ស្ពឺ, ខេត្ដតាកែវ, ខេត្ដបន្ទាយមានជ័យ និងខេត្ដសៀមរាប ខណៈដែលខេត្ដតិចជាងគេ គឺខេត្តស្ទឹងត្រែង, កែប, ប៉ៃលិន និងព្រះវិហារ។ មិនមានការលើកលែង និងបន្ធូរបន្ថយសំណុំរឿងក្មេងទំនើងនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×