Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែបនេះឬវិធីបង្រ្កាបជនល្មើស!? កូនស្រីគ្រួសាររងគ្រោះ បញ្ចេញមុខអ្នកបាញ់ប្រហារជិត២០គ្រាប់ ដែលចុងក្រោយថា បាញ់ច្រឡំឡានចិន ទាំងដែលស្គាល់ខ្មែរច្បាស់នឹងភ្នែក

កាលពីម្សិលមិញនេះ (នៅថ្ងៃទី២៧ ខែធ្នូ ២០២៤) ករណីបាញ់ប្រហារទៅលើរថយន្តម៉ាក Starex គ្រួសារមួយ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ម្តុំផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យបុរសជាឪពុកម្នាក់រងរបួស និងម្នាក់ទៀតជាអ្នករើសអេតចាយរងរបួសធ្ងន់ ខណៈរថយន្តធ្លុះស្ទើរសុះ បានបង្កការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈបានដឹងថា គ្រួសាររងគ្រោះ ដែលមានមនុស្សជាច្រើននាក់នៅក្នុងឡាន កំពុងធ្វើដំណើរចេញពីខេត្តស្វាយរៀង ទៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញ។

តែបន្ទាប់ករណីនេះបានផ្ទុះឡើង ខណៈមហាជនបានរិះគន់ឡើងកក្រើករួចមក ខាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបដិសេធថា សមត្ថកិច្ចរបស់ខ្លួនពុំបានបំផ្ទុះអាវុធនោះទេ (ចុះសមត្ថកិច្ចមកពីណាជាអ្នកបាញ់?) ខណៈបានបង្ហោះសារឲ្យមហាជនបានជ្រាបបែបនេះថា «ថ្ងៃនេះនគរបាលខេត្តព្រៃវែង នឹងស្រាយបំភ្លឺករណីផ្ទុះអាវុធនៅ “កអណ្តើក” កាលពីម្សិលលម្អិតតែម្តង ។ សូមជួយអាន និងស្តាប់ឱ្យអស់ផង។ បញ្ជាក់ : នគរបាលព្រៃវែងមិនបានបំផ្ទុះអាវុធនោះទេ!»។

តែក្រោយពីបានឃើញខាងស្នងការខេត្តព្រៃវែង ចេញមកបញ្ជាក់យ៉ាងខ្លីថា នគរបាលព្រៃវែងមិនបានបំផ្ទុះអាវុធបែបនេះ ស្រាប់តែកូនស្រីជនរងគ្រោះ បានសម្តែងការហួសចិត្ត និងមានការឈឺចាប់កាន់តែខ្លាំងតែម្តង ព្រោះថានេះជាអំពើបាញ់ប្រហារប៉ុនប៉ងសម្លាប់មនុស្សមួយគ្រួសារ ពីសំណាក់សមត្ថកិច្ចស្តែងៗ ដែលមិនអាចមកនិយាយថា បាញ់ជិត២០គ្រាប់ ចុងក្រោយប្រើពាក្យចុះបង្ក្រាបជនល្មើសច្រឡំ បែបនេះនោះឡើយ។

ជាក់ស្តែង នារីជាកូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Nang បានបង្ហោះរូបភាពជនដៃដល់ជាអ្នកបាញ់ប្រហារ និងភ្ជាប់សាររៀបរាប់ឲ្យបងប្អូនមហាជនបានដឹងយ៉ាងដូច្នេះថា៖

កម្លាំងនាយកដ្ឋានកម្លាំងនគរបាលព្រហ្មទណ្ឌ ហៅកាត់ CIDroom007 ពួកគាត់បានបាញ់គ្រាប់កាំភ្លើងច្រើនគ្រាប់ មកលើរថយន្ដគ្រួសារខ្ញុំ (រងបួសមាន2នាក់ ប៉ារបស់ខ្ញុំត្រូវម្រាមដៃ និងអ្នករើសអេតចាយម្នាក់ ត្រូវមួយគ្រាប់ផ្នែកខាងខ្នងយ៉ាងទម្ងន់)។ ដោយមូលហេតុគាត់បាននិយាយថា រថយន្ដគ្រួសាររបស់ខ្ញុំជាឡានជនជាតិចិនជួញដូរផ្លូវភេទ បន្ទាប់មកគាត់នៅនិយាយបន្ថែមទៀតថា ក្នុងរថយន្តនោះមានជនជាតិចិន ទាំងដែលពួកគាត់ឃើញនឹងព្រះនេត្យរបស់ពួកគាត់ថា ជាជនជាតិខ្មែរ ហេតុអ្វីបានព្យាយាមបាញ់ជាច្រើនគ្រាប់?

នារីជាកូនស្រីបានបន្តថា «នៅក្នុងសកម្មភាពគ្រោះថ្នាក់នោះ គឺគ្រួសាររបស់នាងខ្ញុំធ្វើដំណើរ ពីខេត្តស្វាយរៀងទៅកាន់មន្ទីពេទ្យនៅភ្នំពេញ ពីព្រោះក្មួយស្រីរបស់ខ្ញុំមានគ្រោះថ្នាក់នៅផ្ទះ និង របួសត្រង់បាក់ដងកាំបិត។
នៅពេលជិះទៅដល់កន្លែងកើតហេតុ គឺឡានរបស់គ្រួសារខ្ញុំបើកក្នុងល្បឿនធម្មតាមិនមានការឈប់នោះទេ ក្នុងអំឡុងពេលបើកបរ មានរថយន្តប៉ូលិសមកបាញ់មួយគ្រាប់ដំបូង (ជើងកង់រថយន្ដក្រោយ) បន្ទាប់ មក ធ្វើការបាញ់បន្ថែមជាច្រើនគ្រាប់ ដោយមិនមានការសាកសួរនាំនោះទេ! (ពីព្រោះពេលនោះភ័យគ្មានស្មារតីក្នុងខ្លួនគិតថា ជាចោរប្លន់ ហើយក៍បានបើករំកិលឡានទៅមុខបន្ដិច) ក្នុងនោះមានពត៍មាននិងអ្នកធំមួយចំនួន បានបញ្ចេញមតិខំមិនមកថា មកពីឡានគ្រួសាររងគ្រោះមិនឈប់អោយសាកសួរ?។

ត្រង់ចំណុចចោទប្រកាន់នេះ នាងក៏សូមឆ្លើយបញ្ជាក់ឲ្យដឹងច្បាស់ថា «គ្រួសសារខ្ញុំបានឈប់ឡានក្នុងរយៈពេលនោះច្បាស់ណាស់ ប៉ុន្តែមិនមានការសាកសួរ ឬឆែកឆេនោះទេ មានតែគ្រាប់កាំភ្លើងបាញ់មកលើឡាន។ ពួកគាត់បាញ់រកចំណុចស្លាប់ទាំងអស់ នេះឬជាវិធីឆែកឆេរ?

នាងក៏បានសួរថា នៅក្នុងក្រមច្បាប់របស់មន្រ្ដីប៉ូលិស មុននឹងមានការបាញ់ លុះត្រាតែជនសង្ស័យ ធ្វើការវាយបកមកប៉ូលីស ទើបប៉ូលីសមានសិទ្ធិបាញ់តបត ដើម្បីកាពារខ្លួន។ ក្នុងនោះដែរ ប្រសិនបើឡានគ្រួសារខ្ញុំព្យាយាមរត់គេច ពួកគាត់អាចបាញ់បំផ្ទុះកង់ឡានអោយឈប់ មិនមែនមកបាញ់ច្រើនគ្រាប់ច្រើនកន្លែងនោះទេ! សុទ្ធតែជាតំបន់កន្លែងដែលបាញ់អោយអ្នកក្នុងឡានស្លាប់ នេះ ឬអ្នកបម្រើសង្គមជាតិ?។

ដោយឡែកនារីត្រូវជាចៅម្នាក់ ក៏បានសម្តែងការឈឺចាប់ហួសថ្លែងថា ជីវិតគ្រួសារខ្ញុំ៥នាក់ ស្នងការខេត្តព្រៃវែងផុសកុំឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលចឹងមែន?
បាញ់ជិត២០គ្រាប់ហើយ ច្រត់ចង្កេះ និយាយគំហ៊ក សង្រ្គប់ប្អូនខ្ញុំឲ្យក្រាបទាំងគ្នាកំពុងបាក់ឆ្អឹងដៃ បាញ់ហើយគ្មានជាប់ខ្នោះសូម្បីម្នាក់ ដើរទិញបាយស៊ីធ្វើព្រងើយ យកកាំភ្លើងគំរាមពូខ្ញុំ ចុងក្រោយប្រើពាក្យចុះបង្រ្កាបជនល្មើសច្រឡំ (បាញ់ត្រូវអ្នកទិញអេតចាយ ត្រង់ខ្នង មន្ទីពេទ្យស្វាយរៀងមិនទទួល បញ្ជួនទៅកាល់ម៉ែត្រ តាខ្ញុំរបួសត្រង់ម្រាមដៃ) សូមជួយស៊ែចែករំលែកឲ្យថ្នាក់ដឹកនាំបានឃើញ និងជួយរកយុត្តិធម៍ឲ្យជនរងគ្រោះផងបងប្អូន៕

×