Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៖ កម្លាំងសមត្ថកិច្ចដែលបាញ់រះទៅលើប្រជាពលរដ្ឋបណ្តាលឱ្យរងរបួសនៅចំណុច ក អណ្ដើក បានទទួលស្គាល់កំហុស និងទទួលខុសត្រូវទាំងស្រុងចំពោះឧបទ្ទវហេតុមួយនេះ

ព្រៃវែង ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៤ សូមជម្រាបជូន ដល់ប្រជាពលរដ្ឋ សាធារណជន និងពិសេសអ្នកនិយមលេងបណ្តាញសង្គម ឱ្យបានជ្រាបថា កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៤ មានអង្គភាពសារព័ត៌មានជាច្រើនផ្សាយអំពីករណី កម្លាំងសមត្ថកិច្ចបាញ់រះទៅលើប្រជាពលរដ្ឋបណ្តាលឱ្យ រងរបួសនៅចំណុច ក អណ្ដើក លើផ្លូវជាតិលេខ ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ពាក់ព័ន្ធនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយដូចខាងក្រោម៖
នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៤ កម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាប់ជំរិត ស្ថិតនៅក្នុងទឹកដីខេត្តស្វាយរៀង ។ ពេលធ្វើ ដំណើរពីរាជធានីភ្នំពេញទៅដល់ទីរួមខេត្តស្វាយរៀង កម្លាំងប្រតិបត្តិការ ដែលជិះរថយន្តចំនួន ០២ គ្រឿង បានពើប ប្រទះឃើញរថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ស មានភិនភាគដូចនឹងភិនភាគរថយន្តរបស់ជនល្មើសចាប់ជំរិតទាមទារប្រាក់ ដែលកម្លាំងភ្នាក់ងារសម្ងាត់បានផ្តល់ជូន ។ ភ្លាមៗ កម្លាំងនគរបាល ក៏បានបត់ត្រឡប់រថយន្តដេញតាមរថយន្តម៉ាក ស្តារិច ពណ៌ស ខាងលើ និងបានព្យាយាមកៀរស៊ីផ្លេ ហៅរថយន្តនោះឱ្យអែបកៀនឈប់ជាច្រើនដង ប៉ុន្តែរថយន្តស្តារិច ខាងលើ មិនព្រមឈប់នោះទេ ។

រហូតមកដល់ចំណុចកើតហេតុ ត្រង់ចំណុច កអណ្ដើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើផ្លូវ ជាតិលេខ ០១ កម្លាំងប្រតិបត្តិការរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកាក់រថយន្តសង្ស័យជាប់ ដោយមានរថយន្តរបស់កម្លាំងប្រតិបត្តិការចំនួន ០២ គ្រឿង បិទជាប់ពីមុខ និងពីក្រោយ ។ ពេលកាក់ជាប់ ហើយ កម្លាំងប្រតិបត្តិការប្រមាណ ០៤ ទៅ ០៥ នាក់ បានចុះព័ទ្ធរថយន្តសង្ស័យ រួចគោះទ្វារ ស្រែកឱ្យម្ចាស់រថយន្ត និង អ្នកនៅក្នុងរថយន្តទាំងអស់ចេញក្រៅ ស្រាប់តែរំពេចនោះ តៃកុងរថយន្តសង្ស័យ បានបើកថយក្រោយបុករថយន្តរបស់ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ រួចបានបួងចង្កូតបើកគេចយ៉ាងលឿនចេញពីកន្លែងកើតហេតុ ធ្វើឱ្យកម្លាំងនគរបាល ដែល កាក់នៅខាងមុខរថយន្តសង្ស័យបានបំផ្ទុះអាវុធ គោលបំណងធ្វើឱ្យរថយន្តសង្ស័យទៅមុខមិនរួច និងផ្លាតគ្រាប់ទៅត្រូវ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបណ្តាលឱ្យរងរបួសធ្ងន់មួយនាក់ ដោយឡែកអ្នកនៅក្នុងរថយន្តសង្ស័យរងរបួស ម្រាមដៃមួយនាក់ ក្រៅពីនោះមិនមានរងរបួសនោះទេ ។

ក្រោយទទួលបានព័ត៌មានថាមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាកម្លាំងគ្រប់ច្រកល្ហកឱ្យចេញប្រតិបត្តិការចុះអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ភាគីទាំងសងខាងដើម្បីសួរនាំ ។ ក្រោយពីមានការសហការឆ្លើយបំភ្លឺផ្តល់ ព័ត៌មានលម្អិតពីភាគីទាំងសងខាង និងផ្តល់ភស្តុតាងរូបភាពវីដេអូផ្សេងៗ ទើបនគរបាលខេត្តព្រៃវែងដឹងថាៈ កម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ ពិតជាបានបំផ្ទុះអាវុធជាច្រើនគ្រាប់ទៅលើរថយន្តស្តារិចពណ៌សពិតប្រាកដមែន មូលហេតុចម្បងរថយន្តស្តារិចពណ៌សនេះត្រូវបានកម្លាំងភ្នាក់ងារសម្ងាត់ផ្តល់មកថា ជារថយន្តរបស់ឧក្រិដ្ឋជនកំពុងដឹក
ជនរងគ្រោះក្នុងករណីចាប់ជំរិតទាមទារប្រាក់ពីខេត្តស្វាយរៀងមក ។ ពេលដែលកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកាក់ ជាប់ហើយ រថយន្តសង្ស័យបែរជាបើកថយបំបុករថយន្តនគរបាលទៅវិញ និងព្យាយាមបើកគេចពីសមត្ថកិច្ច មួយវិញទៀត រថយន្តសង្ស័យ បិទស្ទីកគ័រខ្មៅពេញមួយជុំឡាន ដែលសមត្ថកិច្ចមិនអាចកំណត់បានថាក្នុងរថយន្តមានអ្វីឱ្យប្រាកដ ម្យ៉ាង សមត្ថកិច្ចខ្លាចថា ជនល្មើសអាចបំផ្ទុះអាវុធមុនសមត្ថកិច្ច ទើបបានសមត្ថកិច្ចសម្រេចចិត្តបំផ្ទុះអាវុធមុន ។ រីឯភាគីរថយន្តដែល រងគ្រោះវិញ គឺជារថយន្តដែលដឹកកុមារម្នាក់បាក់ដៃគោលបំណងយកទៅព្យាបាលនៅរាជធានីភ្នំពេញ ករណីសមត្ថកិច្ចកាក់ ជាប់ហើយ បែរជាថយបុករថយន្តសមត្ថកិច្ច និងជិះគេចគឺតែកុងមានការភិតភ័យពេក មិនដឹងមូលហេតុអ្វីបានឃើញមានគេ ព័ទ្ធរថយន្តគាត់កំពុងបើកច្រើនបែបនេះ ម្យ៉ាងគាត់ស្មានកម្លាំងនគរបាលចាប់ល្បឿនតាមចាប់គាត់ប៉ុណ្ណោះ ។

ទោះបីយ៉ាងណាក៏ដោយ ការសម្រេចចិត្តបំផ្ទុះអាវុធលឿនបែបនេះជាកំហុសមួយ រីឯគ្រាប់ដែលផ្លាតទៅត្រូវ ប្រជាពលរដ្ឋនៅក្នុងផ្ទះជាកំហុសមួយទៀត សមត្ថកិច្ចក៏ទទួលស្គាល់កំហុស និងទទួលខុសត្រូវទាំងស្រុងចំពោះឧបទ្ទវហេតុមួយនេះ ក៏ប៉ុន្តែក្រោយកើតហេតុ កងកម្លាំងប្រតិបត្តិការមិនបានរត់គេចពីការទទួលខុសត្រូវឡើយ គឺនៅទីកន្លែងកើតហេតុ រង់ចាំសហការពីកម្លាំងនគរបាលមូលដ្ឋានពេញលេញ និងបានខិតខំយកជនរងគ្រោះទាំងពីរនាក់ទៅព្យាបាលយ៉ាងលឿន និងយកចិត្តទុកដាក់ខ្ពស់ ។

បច្ចុប្បន្ន ជនរងគ្រោះដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ (យោងតាមព័ត៌មានចុងក្រោយច្បាស់ការ ជនរងគ្រោះ បានឆ្លងផុតគ្រោះថ្នាក់ដល់អាយុជីវិត និងវះកាត់ ប្រកបដោយជោគជ័យ) និងត្រូវទទួលបានការជួយចេញថ្លៃព្យាបាលទាំងស្រុង និងសំណងផ្សេងៗទៀតពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ដោយឡែកភាគីរថយន្តរងគ្រោះ នគរបាលខេត្តព្រៃវែង កំពុងរៀបចំសំណុំរឿងជូនពួកគាត់ ដើម្បីពួកគាត់ទាមទារសំណងផ្សេងៗតាមនីតិវិធីច្បាប់ជាធរមាន ។

មួយវិញទៀត មានសារព័ត៌មានមួយចំនួនបានជេរប្រមាថ និងតិះដៀលថា នគរបាលខេត្តព្រៃវែង អសមត្ថភាព និងមិនយុត្តិធម៌មិនព្រមចាប់វាយខ្នោះពួកនគរបាលដែលបានបំផ្ទុះអាវុធចំប្រជាពលរដ្ឋ ករណីនគរបាលខេត្តព្រៃវែង សូម ធ្វើការគូសបញ្ជាក់ថាៈ នគរបាលដែលបានបំផ្ទុះអាវុធនោះ គឺជាកម្លាំងប្រតិបត្តិការតាមបង្ក្រាបជនល្មើសក្នុងករណីចាប់ ជំរិតទារប្រាក់ មានលិខិតបញ្ជាបេសសកម្មត្រឹមត្រូវ និងការដឹកនាំពីប្រធានអង្គភាពត្រឹមត្រូវ ហើយពេលកើតហេតុ ពួក គាត់មិនបានផ្តល់ការគម្រាមកំហែងណាមួយមកលើសមត្ថកិច្ចមូលដ្ឋានខេត្តព្រៃវែងឡើយ ភ្លាមៗសូម្បីអាវុធទាំងអស់ក៏ ពួកគាត់ សហការផ្តល់មកឲ្យសមត្ថកិច្ចខេត្តព្រៃវែងតាមការស្នើសុំ ដូចនេះនគរបាលខេត្តព្រៃវែងមិនមានមូលហេតុណាមួយ ត្រូវប្រើហិង្សា ឬចាប់វាយខ្នោះពួកគាត់នោះឡើយ ។

បច្ចុប្បន្ន ក្រោមការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ប្រធានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាលដែលជាប់ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធខាងលើ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួមហាផ្ទៃ ដោយយោងតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខបុរសម្នាក់ដែលរងគ្រោះដោយសារគ្រាប់កាំភ្លើងផ្លាតចំ នៅពេលកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌមួយក្រុម បានចុះបង្ក្រាបបទល្មើសសង្ស័យជាករណីចាប់ជំរិតមួយចេញពីក្រុងបាវិត ខេត្តស្វាយរៀង។

បុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ថា នៅពេលនេះមានស្ថានភាពធូរស្រាលច្រើន ក្រោយគ្រូពេទ្យបានវះកាត់យកគ្រាប់ចេញរួច ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×