Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី «គម្រោងចំនួន ៤២ ទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស»

ភ្នំពេញ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៤ខែមករា ឆ្នាំ ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្តការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥។

រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤- កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្នុងគោលបំណង ជំរុញឱ្យមានសកម្មភាពវិនិយោគ និង ធុរកិច្ចកាន់តែច្រើន និង មានសន្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែម ទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ តាមរយៈនេះ, ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៥ រួមមាន : (១). គម្រោងវិនិយោគ ឬ ធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោងវិនិយោគ ឬ ធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង; និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។ ផ្អែកតាមនេះ, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន នឹងបន្តភារកិច្ចដឹកនាំ, សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយ

គម្រោង វិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា “ច្រកចេញចូលតែមួយ» ។ ក្នុងន័យនេះ, សូមធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ។

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។

អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោង ចំនួន ៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និង គម្រោងអគារពហុមុខងារ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ ២០២៥, ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រួមមាន៖ ១) បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និង ធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និង ជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ, ២) បន្តពិនិត្យ និង ជំរុញការអនុវត្តគម្រោងវិនិយោគ និង ធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និង ដំណើរការអនុវត្តគម្រោង ក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និង ការសម្របសម្រួល និង ៣) បន្តពង្រឹងសមត្ថភាព និង ការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និង មានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និង ភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណ និង បញ្ជាក់ជូនក្រុមការងារថា ភាពជោគជ័យនៃការអនុវត្តកម្មវិធីពិសេសក្នុងឆ្នាំ ២០២៤ ហើយដែលទទួលការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល កើតឡើងពីកិច្ចខិតខំប្រឹងប្រែង, ការចូលរួម, ការគាំទ្រ, ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់សមាជិកក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ជារួមរដ្ឋបាលខេត្តព្រះសីហនុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ បានរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ និង ដំបូលតែមួយរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការបំពេញភារកិច្ច ដោយមានកិច្ចសហការ និង ការទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ពិសេសការធ្វើដំណើរឆ្ពោះទៅរកភាពជាម្ចាស់ និង ការបំពេញមុខងារជារដ្ឋបាលពិសេស ក្នុងការគ្រប់គ្រងរដ្ឋបាលតំបន់សេដ្ឋកិច្ចគំរូពហុបំណង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×