កាលពីព្រឹកថ្ងៃទីម្ភៃ៣ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅមុខភូមិគ្រឹះឧកញ៉ា សុខ គង់ ដោយសារតែមនុស្សរាប់រយនាក់មកប្រមូលផ្តុំគ្នារង់ចាំទទួល អាំងប៉ាវ លុយ ៤ ម៉ឺនរៀល និងអង្ករ ២ គីឡូ មិននឹកស្មានបែរក្លាយជាសោកនាដកម្មជាន់គ្នាស្លាប់ និងរបួសដ៏រន្ធត់។
យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា បន្ទាប់ពីភូមិគ្រឹះឧកញ៉ា សុខ គង់ បានប្រកាសថានឹងផ្តល់អាំងប៉ាវ ជាអំណោយក្នុងឱកាសបុណ្យចូលឆ្នាំចិន ជាហេតុធ្វើឲ្យមនុស្សជាច្រើនដែលបានលឺដំណឹងនេះ បានទៅរង់ចាំនៅមុខភូមិគ្រឹះឧកញ៉ា ដើម្បីទទួលយកអាំងប៉ាវ ដែលមានចំនួនណែនតាន់តាប់ រហូតពីក្នុងផ្ទះហៀរដល់ផ្លូវតែម្តង។
តែអ្វីដែលមិនរំពឹងទុកនោះ ក៏ស្រាប់តែមានមនុស្សសម្រុកមកកាន់តែច្រើនឡើង ច្រើនឡើង ហើយក៏បង្កភាពចលាចល ឈានដល់ជាន់គ្នារងរបួស និងថប់ដង្ហើម ខ្យល់គដួលសន្លប់ជាបន្តបន្ទាប់ ហើយថែមទាំងស្លាប់ដ៏រន្ធត់។ របាយការណ៍មុនបានបង្ហាញថា មនុស្ស៣នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយមក លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីហេតុការណ៍ និងបានបង្ហាញពីវឌ្ឍនភាពព័ត៌មានថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤នាក់ហើយ គឺស្រី ២នាក់ និងប្រុស ២នាក់។ ចំណែកអ្នករងរបួស៥នាក់ទៀតកំពុងទទួលការព្យាបាលជាបន្ទាន់។
មូលហេតុនៃការស្លាប់ គឺដោយសារជនរងគ្រោះជាមនុស្សវ័យចំណាស់ និងមានសុខភាពមិនល្អ ត្រូវហ្វូងមនុស្សច្រើនប្រជ្រៀតរុញច្រានបណ្តាលឲ្យថប់ដង្ហើម ខ្យល់គរ ដួលបន្តបន្ទាប់តែម្តង។
ពិតណាស់ ក្រោយពីបានឃើញរូបភាពនេះ ក៏មានមនុស្សមួយចំនួន បានសម្តែងការហួសចិត្ត និងស្តីបន្ទោសថា មកពីម្នាក់ៗមានសេចក្តីលោភលន់ចង់បានស្រួលៗ ទើបក្លាយជាទុក្ខបែបនេះ។
តែយ៉ាងណា បើតាមសាច់ញាតិរបស់អ្នកស្លាប់ បាននិយាយថា មូលហេតុដែលពួកគាត់ មករង់ចាំទទួលអំណោយអាំងប៉ាវនេះ គឺដោយសារពួកគាត់ក្រីក្រខ្លាំង។
ជាក់ស្តែង អ៊ុំស្រីម្នាក់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ចែកអាំងប៉ាវនេះ គឺត្រូវបានដឹងថា គាត់ជាស្ត្រីពិកាជើង និងដើររើសអេតចាយ ចិញ្ចឹមចៅកំព្រា និងកូនដែលមានបញ្ហាវិបល្លាសស្មារតីម្នាក់ទៀតផង។
ទន្ទឹមនឹងនេះ ពលរដ្ឋអ្នកលេងបណ្តាញសង្គមម្នាក់ បានលើកឡើងថា «4 ម៉ឺនរៀលសម្រាប់អ្នកមាន អ្នកមធ្យម ប្រហែលជាមិនច្រើនទេ បុន្តែសម្រាប់ពួកគាត់ និងអ៊ំស្រីដែលស្លាប់ គឺគាត់អាចរស់បានជាមួយលុយ៤ម៉ឺនរៀលនេះ សម្រាប់រយៈពេលជាច្រើនថ្ងៃទៀតផងដែរ។ មិនគួរណាថា គាត់ចង់បានលុយទេ កុំឲ្យតែគាត់ទៅលួចឆក់ប្លន់គេ។
ត្រូវគិតថា ជីវិតមនុស្សមានតម្លៃណាស់ មិនសាកសមនឹងលុយ៤ម៉ឺនរៀលនោះទេ គាត់ចង់បាន ដោយសារតែភាពក្រីក្រលំបាកវេទនា និងចិញ្ចឹមជីវិតមនុស្ស បួនប្រាំនាក់ទៀតនៅក្នុងបន្ទុក។
សូមវិញ្ញាណក្ខន្ធអ៊ំស្រីអញ្ជើញដោយសេចក្តីស្ងប់សុខចុះ»។
តែយ៉ាងណា សម្រាប់ហេតុការណ៍នេះ ពលរដ្ឋដដែលនោះ ក៏បានស្តីបន្ទោសថា «កំហុសគឺបណ្តាលមកពីអាជ្ញាធរខ្វះការរៀបចំសណ្តាប់ធ្នាប់ទុកមុន បទពិសោធន៍ស្ពានកោះពេជ្រជាមេរៀន គាត់មិនបានយកមកអនុវត្ត។ ការចែកអំណោយ ជារឿងត្រឹមត្រូវ តែការអនុវត្តកត្តាសុវត្ថិភាព គឺអាជ្ញាធរត្រូវទទួលខុសត្រូវទាំងស្រុង ព្រោះធ្វើឡើងនៅទីសាធារណៈ។ មិនមែនចាំរឿងហេតុកើតឡើងហើយ ទើបមាន អាយកូម ឆ្វេចឆ្វាចនោះទេ វាយឺតពេលទៅហើយ»៕