ថ្មីៗនេះ រូបភាពវីដេអូមួយ ដែលបង្ហាញទិដ្ឋភាពអ្នកភូមិ នាំគ្នាសែងមឈូស ជាបន្តបន្ទាប់ ស្របពេលដែលអ្នកផុសលើកឡើងថា មនុស្សស្លាប់ម្តង ៤០ នាក់ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងស្លុតចិត្តយ៉ាងខ្លាំង។ ហើយករណីនេះ មនុស្សជាច្រើនក៏បានងឿងឆ្ងល់ និងគិតថា ប្រហែលជាស្លាប់ដោយសារពុលអ្វីហើយមើលទៅ!។
តែទោះជាយ៉ាងណា ក្រោយឃើញអ្នកផុសវីដេអូដ៏គួរឲ្យតក់ស្លុតនេះ សរសេររកស្តាប់មិនយល់ ពោលគឺព្រោះតែចង់បានការទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះ ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គម ដែលដឹងច្បាស់ពីហេតុការណ៍នេះ បានចេញមកបញ្ជាក់ឲ្យដឹងថា បញ្ជាក់បន្តិចថា នេះជាបុណ្យសពឆ្អឹង ឬខ្មោចឆ្អឹង មិនមែនស្លាប់ម្តង40អ្នកទេ នេះជាប្រពៃណីតាមតំបន់គឺគាស់សពអ្នកដែលបានស្លាប់ យកឆ្អឹងមកធ្វើបុណ្យរួមគ្នា និងបូជាក្នុងថ្ងៃតែមួយ។
រីឯពលរដ្ឋដទៃទៀត ក៏បានឲ្យដឹងផងដែរថា ធ្វើបុណ្យបូជាខ្មោចរយ ច្រើនតែប្រជាជននៅតំបន់ទំនាបលិចទឹក ដូចនៅដំបន់ជុំវិញបឹងទន្លេរសាប បឹងសណ្តរមេគង្គបាសាក់លើកដែក ដោយពេលមានអ្នកស្លាប់ គេអត់មានកន្លែងបូជា អញ្ចឹងយកទៅផ្ញើរលើដើមឈើ ដល់ខែផល្គុនគោកទឹក ទើបគេប្រមូលដុត។
យ៉ាងណាមិញ ចំពោះហេតុការណ៍ដែលកំពុងបង្កការបំពុលនេះផងដែរ ត្រូវបានដឹងថា បានកើតឡើងនៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដោយអ្នកស្រុកភូមិនៅទីនោះ គេធ្វើបុណ្យបញ្ចុះធាតុរួមគ្នា ទៅតាមទំនៀមទម្លាប់១ឆ្នាំធ្វើម្តង នៅរដូវខែបុណ្យឡើងមាឃ៕