Friday, February 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត លើកទឹកចិត្ត និងជំរុញឱ្យក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ត្រូវបន្តខិតខំអនុវត្តផែនការយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្ត និងជំរុញឱ្យក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ត្រូវបន្តខិតខំអនុវត្តផែនការយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវខិតខំរួមគ្នាបន្តពង្រឹង ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងមហាផ្ទៃបានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារ ឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ដែលពិធីបើកបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពិធីបិទបានប្រព្រឹត្ត ទៅនារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សន្និបាតនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធាន ពន្ធនាគាររាជធានី ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់មួយចំនួននិងថ្នាក់ដឹកនាំតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ៨០០រូប ។

អង្គសន្និបាតបានពិនិត្យវាយតម្លៃលើលទ្ធផលការងារសម្រេចបានសំខាន់ៗក្នុងឆ្នាំ២០២៤ កន្លងទៅ មានជាអាទិ៍៖ (១)-ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ (២)-ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម (៣)-ការលើកកម្ពស់ការងារគ្រប់គ្រងពន្ធនាគារ (៤)-ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស (៥)-ការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ (៦)-ការងារបច្ចេកវិទ្យាឌីជីថល ដែលរួមមាន៖ ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការ ការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ការផ្សព្វផ្សាយ និងការពង្រឹងជំនាញឌីជីថល។ អង្គសន្និបាតបានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០២៤ ពិសេសលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការគ្រប់គ្រងរដ្ឋបាលដែនដី និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយភាពជឿទុកចិត្តខ្ពស់។

ក្នុងនាម សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្ត និងជំរុញឱ្យក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ត្រូវបន្តខិតខំអនុវត្តផែនការយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធ ភាពខ្ពស់ ក្នុងនោះកិច្ចការសំខាន់ៗ ដែលត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែម រួមមាន៖

១-ត្រូវខិតខំរួមគ្នាបន្តពង្រឹង ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងពង្រឹងខឿនសន្តិសុខជាតិ ទប់ស្កាត់ឱ្យបានដាច់ខាត នូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាបាននូវភាពរឹងមាំនៃសន្តិសុខ ផ្ទៃក្នុង។

២-ត្រូវបន្តខិតខំស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាព ឬការផ្សព្វផ្សាយ ព័ត៌មានមិនពិត បំផ្លើស ញុះញង់ អុចអាល បង្កឱ្យមានអំពើហិង្សា និងអសន្តិសុខក្នុងសង្គម។

៣-ត្រូវបន្តពង្រឹងយន្តការនានាគាំទ្រដល់ការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

៤-គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្តពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានសកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការគ្រប់គ្រង សភាពការណ៍ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុង ដែន សមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

៥-អាជ្ញាធរមូលដ្ឋានត្រូវចូលរួម សហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការបន្តជំរុញយុទ្ធនាការ ប្រយុទ្ធប្រឆាំងការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាន រៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមកសាង ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន។

៦-ក្រសួងមហាផ្ទៃ ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

៧-បន្តជំរុញការធ្វើកំណែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សក្នុងក្របខណ្ឌនៃក្រសួងមហាផ្ទៃ តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការពិនិត្យមើលឡើងវិញនូវមុខងារ រចនាសម្ព័ន្ធតួនាទី ភារកិច្ច របស់អង្គភាព ការអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាល និងការពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ។

៨-ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវរួសរាន់ ពន្លឿនការធ្វើទំនើបកម្មនីតិវិធីផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ប្រព័ន្ធឌីជីថល និងតាមប្រព័ន្ធអនឡាញជូនប្រជាពលរដ្ឋ។

៩-បន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ឱ្យក្លាយទៅជារដ្ឋបាលដែលមានភាពរឹងមាំ ម្ចាស់ការ ស្អាតស្អំ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ សេវាសាធារណៈ និងការ អភិវឌ្ឍមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព បរិយាបន្ន និងឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការ សំណើ សំណូមពរនានានៅមូលដ្ឋាននីមួយៗ។

១០-ជំរុញ និងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំស្របតាមស្តង់ដាបច្ចេកទេស ដែលធានាទាំងសន្តិសុខ ផ្លូវកាយ និងផ្លូវចិត្ត សុខភាព អនាម័យ និងសុវត្ថិភាពក្នុងពន្ធនាគារ និង ផ្តល់ការអប់រំកែប្រែស្ដារ នីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរដល់ទណ្ឌិត។

១១-រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ លិខិតបទដ្ឋាន ដែលបាន កំណត់ពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ជាពិសេសការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសក្រញាញ់ ត្រូវជំរុញកិច្ចសហការ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ខិតខំធ្វើឱ្យបានសម្រេចក្នុងគ្រីមានទី២ ឆ្នាំ២០២៥ នេះនូវសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី