ភ្នំពេញ ៖ ទណ្ឌិត លោក ហង្ស វុទ្ធី ហៅទិវា១៦ ហៅយមរាជ អតីតមន្ត្រីប៉ូលិសព្រហ្មទណ្ឌ នៃស្នងការរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាឃាតករបាញ់សម្លាប់មនុស្សមិនញញើតដៃនោះ បានស្លាប់ហើយ នៅឯមន្ទីរពេទ្យរុស្សី កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១០ កញ្ញា ។
មានគណនីហ្វេសប៊ុកមួយ មានឈ្មោះថា HENG NICH ប្រើប្រាស់ដោយស្ត្រីឈ្មោះ សុខ សុភ័ណ្ឌ ដែលអះអាងថា នាងខ្ញុំឈ្មោះ សុន សុភ័ណ្ឌ ដែលត្រូវជា ប្អូនរបស់ ហង្ស វុទ្ធី និង ហង្ស វុត្ថា នៅពេលនេះ ហង្ស វុទ្ធី បានទទួលមរណភាពនាថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១០និង៣០ នាទីព្រឹក នៅមន្ទីរពេទ្យរុស្សី នាងខ្ញុំត្រូវជាប្អូនសុំសម្តេចតេជា ហ៊ុន សែន មេត្តាជួយអន្តាគមន៍ ទៅតុលាការ សូមជួយដោះលែងបងប្រុសហង្ស វុត្ថា ដែលនៅក្នុងពន្ធាគារ ឲ្យគាត់បានមកចូលរួម ពិធីបុណ្យសពបង ហង្ស វុទ្ធី មានតែសម្តេចទេ ដែលអាចជួយដល់បងប្រុសហង្ស វុត្ថាឲ្យមានសេរី ដែលជាប់ឃុំរយៈពេលដប់បីឆ្នាំហើយ សូមព្រះប្រទានពរសម្តេច។
គួរបញ្ជាក់ថា ទណ្ឌិត ហង្ស វុទ្ធី ធ្លាប់បានហែកគុក រត់ចេញទៅលាក់ខ្លួនជាច្រើនកន្លែង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៦ ហើយបានចូលខ្លួនមកសារភាពនៅស្នាក់ការអង្គការក្រៅរដ្ឋាភិបាលមួយ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០១២ ។
លោក ហង្ស វុទ្ធី ត្រូវបានតុលាការកាត់ទោស និងផ្តន្ទាទោសកំបាំងមុខ កាលពីឆ្នាំ២០០៩ ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ក៏ប៉ុន្តែលោកបានស្នើឲ្យតុលាការ បើកសវនាការសារជាថ្មី បន្ទាប់ពីគាត់បានចូលសារភាព។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសារជាថ្មីលើសំណុំរឿងព្រហ្មទណ្ឌមានទណ្ឌិត លោក ហង្ស វុទ្ធី ត្រូវបានលោក តុប ឈុនហេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទោសឱ្យជាប់ ពន្ធនាគារ១៥ឆ្នាំដដែល ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុនលើលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីឆ្នាំ២០០៣ ។
ទណ្ឌិត ហង្ស វុទ្ធី ហៅ យមរាជ មានពិរុទ្ធនៅក្នុងរឿងក្ដីឃាតកម្មជាច្រើនករណី។ ឈ្មោះយមរាជដែលជាឧក្រិដ្ឋជនម្នាក់គួរឱ្យខ្លាចបំផុត និងជាសេនាដៃស្តាំរបស់ហេង ពៅ ដែលបានហែកគុកព្រៃសរត់តាំងពីឆ្នាំ២០០៦ កន្លងមក ពេលនេះថ្ងៃអវសាន្តបានមកដល់ដោយខ្លួនឯងតែម្តង បានចូលខ្លួនមកសុំសារភាពនៅស្នាក់ការអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះលីកាដូ កាលពីរសៀលថ្ងៃទី២០ មេសា ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយរត់គេចខ្លួនបាត់ជាច្រើនឆ្នាំ។
ឈ្មោះហង្ស វុទ្ធី ហៅយមរាជ ដៃស្តាំរបស់អ្នកទោសជាងមួយជីវិតឈ្មោះ ហេង ពៅ ជាឧក្រិដ្ឋជនដែលធ្វើឱ្យមនុស្សគ្រប់មជ្ឈដ្ឋានភ័យខ្លាចណាស់ ព្រោះជាជនដៃដល់ខាងបាញ់សម្លាប់មនុស្សក្រោមបញ្ជា ហេង ពៅ ។
នៅទីស្នាក់ការអង្គការលីកាដូ ឈ្មោះហង្ស វុទ្ធី ហៅយមរាជ ជាឧក្រិដ្ឋជន ដែលមានដីកាស្វែងរកចាប់ខ្លួន ស្រាប់តែពេលនេះចូលមកសារភាពបាននិយាយថា នៅយប់ថ្ងៃទី៦ វិច្ឆិកា ២០០៦ ខ្លួនបានរត់ចេញពីពន្ធនាគារព្រៃស ទៅសំងំលាក់ខ្លួននៅតាមបណ្តាខេត្តនានា ដូចជាខេត្តកំពត និងនៅប៉ោយប៉ែតអស់រយៈជាង៧ឆ្នាំ កន្លងមកដោយប្រកបមុខរបរជាកម្មករទូកនេសាទនៅសមុទ្រក្រុងព្រះសីហនុ រយៈពេល៥ឆ្នាំ ។ បន្ទាប់មកទៅធ្វើកម្មករអូសរទេះនៅប៉ោយប៉ែតបាន១ឆ្នាំ ហើយចុងក្រោយទៅសំងំធ្វើកម្មករចម្ការនៅព្រំដែនថៃជិត១ឆ្នាំទៀត ។ ឈ្មោះយមរាជ បាននិយាយថា ការរត់គេចខ្លួនមួយរយៈកន្លងមក ខ្លួនរស់ក្នុងជីវភាពលំបាកលំបិនតាមជនបទស្រុកស្រែចម្ការ ។
ទាក់ទិននឹងការចូលខ្លួនមកសារភាព ឈ្មោះយមរាជ អតីតប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក្រោមបញ្ជាផ្ទាល់ពី ហេង ពៅបាននិយាយថា ខ្លួនមានទោសស្រាប់ ទោះជារត់ទៅដល់ទីណាក៏មិនរួចខ្លួនដែរ ដូច្នេះខ្លួនបានទំនាក់ទំនងមកម្តាយឱ្យរកមេធាវី ដើម្បីជួយការពារផ្លូវច្បាប់ដល់ខ្លួន ហើយត្រូវបានម្តាយពឹងពាក់មេធាវី លោកកៅ សុផា ជួយការពារផ្លូវច្បាប់ ដើម្បីឱ្យខ្លួនបានចូលសារភាព និងទទួលទោសជាថ្មីម្តងទៀត បន្ទាប់ពីលួចរត់ចេញពីពន្ធនាគារអស់រយៈពេលជាង៧ឆ្នាំ កន្លងមក ។
យោងតាមការពឹងពាក់អំពីនីតិវិធីច្បាប់លោក មេធាវី កៅ សុផា បាននាំខ្លួនឈ្មោះ យម រាជ មកកាន់ស្នាក់ការអង្គការសិទ្ធិមនុស្សលីកាដូ ដើម្បីជួយការពារសិទ្ធិកុំឱ្យមានការធ្វើអំពើទារុណ កម្ម។ នៅស្នាក់ការអង្គការលីកាដូ មន្ត្រីអង្គការបាននិយាយថា ខាងអង្គការគ្រាន់តែទទួលឱ្យគាត់ស្នាក់នៅ បណ្តោះអាសន្នមួយរយៈខ្លី ដើម្បីផ្តល់អាហារជូនគាត់ហូបចុក ព្រោះគាត់មានសភាពស្គមស្គាំងខ្លាំង និងហេវហត់ ។ អង្គុយនៅអង្គការលីកាដូរមិនទាន់បានប៉ុន្មានផងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ មេសា ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជ ត្រូវបាននគរបាលក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌បានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក មាស ច័ន្ទពិសិដ្ឋ បានយកដីកាចាប់ខ្លួនឈ្មោះ ហង្ស វុទ្ធី ហៅយម រាជ ទៅបង្ហាញមន្ត្រីអង្គការលីកាដូ និងលោកមេធាវី កៅ សុផា ដើម្បីនាំខ្លួនឈ្មោះ យមរាជ ទៅកាន់នគរបាលក្រសួងមហាផ្ទៃ ធ្វើការសួរនាំឡើងវិញ និងដើម្បីត្រៀមលក្ខណៈបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសបន្តតាមនីតិវិធីច្បាប់ ។
តាមប្រភពព័ត៌មានដែលទាក់ទិននឹងការរត់គេចខ្លួនពីពន្ធនាគារព្រៃស ឈ្មោះយមរាជ បាននិយាយថា ខ្លួនមិនមែនជាមេខ្លោងកាត់ចម្រឹងគុកព្រៃស រត់ចេញឡើយ គឺឈ្មោះ វែង ឈ្មោះ សឹង ឈ្មោះ ចាម ឈ្មោះ យួន ជាមេខ្លោង នៃគម្រោងអារចម្រឹងដែករត់គេចខ្លួនពីគុក ។ ឈ្មោះ យមរាជ និយាយទៀតថា នៅយប់នោះបើខ្លួនមិនរត់តាមពួកអាវែងទេ គឺពួកនោះគំរាមអារកសម្លាប់ក្នុងគុក ដូច្នេះត្រូវបង្ខំចិត្តរត់តាមគេទៅឈ្មោះយមរាជបាននិយាយប្រាប់កោះសន្តិភាពទៀតថា សកម្មភាពដែលលួចរត់ចេញពីគុកនោះក៏វាគ្រោះថ្នាក់ដែរ តែត្រូវតែរត់ប្រសើរជាងជាប់គុក ។
ឧក្រិដ្ឋជនយមរាជបាននិយាយទៀតថា សកម្មភាពក្នុងពេលឡើងអារចំរឹងដែករត់ចេញពីគុកគឺឈ្មោះវែង ជាអ្នកអារ ឯបក្ខពួកផ្សេងៗទៀតឡើងជិះតៗគ្នាទៅលើចំរ៉ឹងដែកបង្អួចគុក ក៏យកខ្សែចងភ្ជាប់ចំរឹងដែកអារឱ្យធំល្មមក្បាលមនុស្សចេញរួច ក៏ឡើងតាមខ្សែលោតចុះជាបន្តបន្ទាប់គ្នាសរុបជាង១០នាក់ រត់ចេញពីគុកយកប្រាសអាយុរៀងៗខ្លួន ។ យមរាជបាននិយាយថា ឧបករណ៍សម្រាប់អារចំរឹងបង្អួចគុកនេះខ្លួនពុំដឹងថា ក្រុមអាវែងយកចូលតាមមធ្យោបាយណាឡើយ ។
ឈ្មោះយមរាជរៀបរាប់ទៀតថា នៅពេលដែលខ្លួនរត់ចេញមកដល់ក្រៅគុក មានរថយន្តមួយគ្រឿងហៅគាត់ថា អាយមរាជឱ្យជិះជា មួយ ។ ប៉ុន្តែពេលនោះខ្លួនអត់ទៅតាមអ្នកហៅទេ គឺរត់តាមមធ្យោបាយថ្មើរជើងតម្រង់ទៅផ្លូវជាតិលេខ២ ឆ្ពោះទៅខេត្តកំពត សម្ងំរស់នៅខេត្តកំពតធ្វើកម្មករទូកនេសាទនៅតែលើសមុទ្រអស់ប្រហែលជិត៦ឆ្នាំក៏បន្តដំណើរទៅរស់នៅធ្វើកម្មករអូសរទេះនៅជាយដែនប៉ោយប៉ែត និងទៅរកស៊ីដាំដំណាំរហូតមកដល់បច្ចុប្បន្ន ។ ដោយជួបការលំបាកពេកក៏សម្រេចចិត្តចូលខ្លួនមកសារភាពតែម្តង ព្រោះបើសម្ងំគេចខ្លួននៅតែមិនរួចដដែល ។
គួរកត់សម្គាល់ថា ហង្ស វុទ្ធី ហៅយមរាជត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ មានច្រើនរឿងពាក់ព័ន្ធជាមួយហេង ពៅ ក្នុងបទល្មើស មនុស្សឃាតគិតទុកជាមុន ។ ប៉ុន្តែសាលក្រមទាំងអស់នោះខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទទួលបានតែ៣ករណីទេគឺ៖
ទី១-ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៦ឆ្នាំ ករណីធ្វើមនុស្សឃាតគិតទុកជាមុន លើលោកគឹម ដារ៉ាវុធ ប្រធានសាខាអគ្គិសនីចាក់អង្រែក្រោម ។
ទី២-ផ្តន្ទាទោសឈ្មោះហង្ស វុទ្ធី ហៅយមរាជដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំ ករណីធ្វើមនុស្សឃាតលើលោកសុខ សេដ្ឋាមុន្នី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។
ទី៣-ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំ ករណីប៉ុនប៉ងធ្វើមនុស្សឃាតលើរូបលោកនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ទោះជាយ៉ាងណា ហង្ស វុទ្ធី ហៅយមរាជ ត្រូវបានតុលាការផ្តន្ទាទោសច្រើនករណីទៀត និងមានទោសប្រហាក់ប្រហែលឧក្រិដ្ឋជនហេង ពៅ ដែលជាអតីតមេរបស់ខ្លួនដែរ៕ ដោយ ៖ កូឡាប