តាកែវ ៖ ថ្លែងនៅក្នុងការប្រារព្ធទិវាអក្ខរកម្ម ៨ កញ្ញា កាលពីថ្ងៃទី ១២ កញ្ញា ២០១៨ នៅសាលប្រជុំការិយាល័យអប់រំយុវជន និងកីឡា ស្រុកសំរោង ខេត្តតាកែវ លោក លី សារវ៉ត អភិបាលរងខេត្តតាកែវ បានជំរុញដល់អជ្ញារធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរជំនាញ អង្គការសង្គមស៊ីវិលផ្សេងៗទាំងអស់ត្រូវយកចិត្តទុក្ខដាក់ ពាក់ព័ន្ធទៅនឹងការចូលរួមគ្នា ជាមួយនិងបងប្អូនប្រជាពលរដ្ឋរបស់យើង ដើម្បីលុបបំបាត់នៅគ្រោះអវិជ្ជានេះ ។
លោកអភិបាលរងខេត្តបានបន្តថា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចម្រើនលុះត្រាតែមានការអភិវឌ្ឍន៍ធនធានមនុស្សទាំងផ្នែកចំណេះដឹង ចំណេះធ្វើ និងមានការសាមគ្គីភាពទូលំទូលាយមានសីលធម៏រស់នៅស្អាតស្អំ ប្រកដដោយលក្ខណៈពេញលេញ ហេតុដូចនេះហើយទើបបានជាអក្ខរកម្មគឺជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ធ្វើអោយប្រជាពលរដ្ឋមានការកែប្រែ ក្នុងជីវភាព រស់នៅព្រមទាំង ផ្តល់ជំនាញ ផ្តល់ការអប់រំ រៀនសូត្រ ពេញមួយជីវិត ។
លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអោយដឹងថា ក្នុងឆ្នាំ ២០១៨ នេះដំណើរការនៃថ្នាក់អក្ខរកម្មវិជ្ជាជីវៈនៅក្នុងខេត្តយើងគឺមាន ៥៥ថ្នាក់ ក្នុងនោះមានសិស្សអក្ខរកម្មសរុបចំនួន ១១៨៦នាក់ ស្រី ៨៤៨នាក់ និងមានគ្រូអក្ខរកម្មចំនួន ៥៥នាក់ ស្រី ៣១នាក់ ។ លោកបានបន្តថា ក្នុងការគ្រប់គ្រងកម្មវិធីដើម្បីអោយមានដំណើរការល្អលើការបង្រៀនអក្ខរកម្ម ដល់សិស្ស មន្ត្រីអប់រំក្រៅប្រពន្ធ័គ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យនៅរាល់សកម្មភាពបង្រៀន និងរៀនរបស់សិស្ស ជារៀងរាល់ខែ ដើម្បីធ្វើការណែនាំ និងកែលម្អលើវិធីសាស្ត្របង្រៀន និងរៀន កិច្ចការរដ្ឋាបាល ព្រមទាំងការចូលរួមបំផុស តាមរយៈការសិស្សអក្ខរកម្ម និងបន្តផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនចេះអក្សរអោយមកចុះឈ្មោះចូលរៀន នៅពេលទំនេរ ពីការងារ ៕
ដោយ ៖ តាកែវ