ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីបទល្មើសចាប់បង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅជាន់ទី៤សណ្ឋាគារ និងកាស៊ីណូខ្សាច់មាស ក្នុងបន្ទប់លេខ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម។ សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានដំណឹងនេះ និងដោយបានទទួលបញ្ជារពី លោក ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍សង្កាត់៤ បានប្រតិបត្តិការបង្ក្រាបចុះបង្ក្រាប។
មន្ត្រីនគរបាលដដែលបន្តថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់ (ស្រីម្នាក់ ប្រុសម្នាក់) និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន០៤នាក់។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់រួមមាន៖ ឈ្មោះ CHEN TI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ ED៦៦៨០៨៤២ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសបែកមាត់ និងស្នាមដាច់រលាត់ខ្នង(រងរបួសមធ្យម) និងឈ្មោះ DAI YANYING ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិចិន លេខិតឆ្លងដែនលេខៈ ED៦៦៨៩៣៨២ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកជនសង្ស័យទាំង០៤នាក់ រួមមាន៖ ឈ្មោះ WU TAOTAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ E៤៧១១០៧៨៣ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ WU XIONGBO ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E១៨៤៨៥៥៨៨ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ WU XUXIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៨៩៦៨៤៣២៧ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង ឈ្មោះ REN JIHU ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៥៣៧០៣៤៨ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងទៀតថា វត្ថុតាងចាប់យកបានមានដូចជា៖ ពិលឆក់ចំនួន ០២គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AL-5010។
សមត្ថកិច្ចនគរបាលឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងដោយសារ ជនរងគ្រោះបានធានា លុយចំនួន ១០០,០០០យាន់ ( ដប់ម៉ឺនយាន់ ) ពីក្រុមជនសង្ស័យ ដើម្បីឲ្យមិត្តភ័ក្ត្រយកទៅលេងល្បែងនៅកាស៊ីណូ ឆាងយូ ពេលលេងចាញ់មិត្តភ័ក្ត្រិ របស់ជនរងគ្រោះគ្មានលុយសងក្រុមជនសង្ស័យ ក៏បានចាប់ជនរងគ្រោះឃុំឃាំងក្នុងបន្ទប់ ហើយធ្វើទារុណកម្ម វាយធ្វើបាប ប្រើពិលឆក់ បង្ខំឲ្យជនរងគ្រោះសសេរលិខិតជំពាក់ប្រាក់។
សមត្ថកិច្ចនគរបាលឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ដែន សីមា