ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអាស៊ាន-កូរ៉េលើកទី១ អំពីគម្រោងអភិវឌ្ឍន៍នានា ដែលក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ និងគម្រោងសាងសង់កំពង់ផែកុងតឺន័រ ថ្មីជម្រៅ១៤,៥ម៉ែត្រ ដែល ស្របតាមចក្ខុវិស័យនៃការពង្រីកការតភ្ជាប់ផ្លូវហាយវេអាស៊ី តភ្ជាប់ពីប្រទេសថៃ ទៅរាជធានីភ្នំពេញ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។
ថ្ងៃទីចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអាស៊ាន-កូរ៉េលើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Kim Hyun Mee រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះនឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ។
លោកទេសរដ្ឋមន្ត្រីជម្រាបជូនអំពីសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានបន្ថែមទៀត នាពេលថ្មីៗនេះ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តីពី”ទីក្រុងឆ្លាត” និង “ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចេរភាព” ក្នុងដំណាក់កាលអន្តរកាលពីបដិវត្តន៍ឧស្សាហកម្មទី៣ទៅកាន់បដិវត្តន៍ ឧស្សាហកម្មទី៤។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការកសាង និងការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ ប្រកបដោយប្រសិទ្ធភាព កំពង់ផែទឹកសាបកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក តភ្ជាប់ពីរាជធានីរាជធានីភ្នំពេញ ជាមួយប្រព័ន្ធផ្លូវដែករបស់ប្រទេសថៃ និងកំពង់ផែសមុទ្រទឹកជ្រៅ។
លោកទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរ អំពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាកំណើន ប្រចាំឆ្នាំស្ថិតក្នុងរង្វង់៧ភាគរយក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ របស់ប្រទេស និងលើកកម្ពស់ ប្រទេសកម្ពុជា ពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅប្រទេសដែលមានប្រាក់ចំណូលមធ្យម។
ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជននិងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រ ក្នុងការធ្វើឱ្យប្រសើរឡើង ដល់ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា និងដែលបានរួមចំណែក ដល់ការអភិវឌ្ឍផែនការមេ សម្រាប់វិស័យដឹកជញ្ជូន តាមផ្លូវទឹក បណ្តាញផ្លូវដែក និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ