កំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមមួយរំពេច ដោយសារ បើកម៉ូតូលឿនទៅបុកគោយន្តដឹកឈើពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី២៨វិច្ចិការ២០១៧នៅលើកំណាត់ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ម៉ែន ស៊ីណាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១B-៤៤៩៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅគោយន្តកន្ត្រៃដឹកឈើមួយគ្រឿងពេញមួយទំហឹងពីក្រោយ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យម៉ូតូគៀបជាប់នឹងគោយន្ត តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ចំណែកឯមធ្យោបាយបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕ ដោយ៖ចៅ សន