មនុស្សយ៉ាងហោចណាស់ចំនួន ៤៧នាក់បានរងរបួស នៅពេលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយនឹងរថភ្លើងដឹកទំនិញដែលកំពុងចតនៅស្ងៀម នៅទីក្រុង Duesseldorf ភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានសិង្ហបុរី Channel News Asia។
ក្នុងចំណោមជនរងគ្រោះទាំងអស់ មានមនុស្ស ៣នាក់បានរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានពន្លត់អគ្គិភ័យ Meerbusch។
រថភ្លើងមានដឹកអ្នកដំណើរចំនួន ១៥៥នាក់ នៅពេលវាជួបគ្រោះថ្នាក់កាលពីថ្ងៃអង្គារម្សិលមិញ កាលពីពេលវាម៉ោង ៧ និង៣០នាទីយប់ (ត្រូវនឹងម៉ោង ២ និង៣០នាទីព្រឹក ថ្ងៃពុធ ម៉ោងនៅកម្ពុជា)។ គេមិនទាន់បានដឹងច្បាស់នៅឡើយពីមូលហេតុនៃគ្រោះថ្នាក់នោះ។
បន្ទាប់ពីមានការបុកគ្នា តែរថភ្លើងទាំងពីរនៅតែស្ថិតនៅលើផ្លូវដែកដដែល។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ៩យប់ដដែល។
សូមរំលឹកផងដែរ ប្រទេសអាល្លឺម៉ង់ធ្លាប់មានគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុត ក្នុងឆ្នាំ ១៩៩៨ ដែលកាលនោះបណ្តាលឲ្យមនុស្សចំនួន ១០១នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលរថភ្លើងល្បឿនលឿនមួយគ្រឿងបានធ្វើដំណើរធ្លាក់ផ្លូវ៕ សុភ័ក្ត្រ