ក្រសួងការពារជាតិអាមេរិក ទើបប្រកាសពីប្រភេទអាវុធទំនើប ហើយមានអានុភាពខ្លាំងក្លាគួរឲ្យខ្លាចរបស់កងយោធាជើងទឹកប្រទេសនេះ។ កាំភ្លើងអេឡិចត្រូវម៉ាញ៉េទិក អាចនាំឲ្យមានការប្រែប្រួលល្បែងនយោបាយយោធារបស់មហាអំណាចលើពិភពលោក។
កាំភ្លើងថ្មីនេះអាចបាញ់ប្រភេទគ្រាប់ច្រើន ដែលមានល្បឿនដល់ទៅ 7.250km/h ស្មើ ៦ដង នៃល្បឿនសំឡេង (Mach 6)។ វាអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយ ១០០ម៉ាយ (ប្រមាណ ១៨០Km)។ ចំណុចពិសេសនៃកាំភ្លើងនេះ គឺវាអាចបាញ់កម្ចាត់ប្រភេទកាំជ្រួចអន្តរទ្វីប ធ្វើឲ្យលោហៈការពារយន្តហោះ នាវាពិឃាតក្លាយជា…”រាវ” បាន។ ការវាយលុកនៃអាវុធនេះត្រូវបានប្រៀបធៀបនឹងការវាយប្រហារពីដុំអាចម៍ផ្កាយ១។
អាមេរិកបានចំណាយពេលជាង១ទសវត្សរ៍ ដើម្បីស្រាវជ្រាវ ហើយអាវុធនេះមួយដើមមានតម្លៃដល់ទៅ ៥០០លានដុល្លារ។ គំរូដំបូង ដែលសាកល្បងបានជោគជ័យបាញ់ចេញបាន ៤,៨ គ្រាប់/នាទី។ ប៉ុន្តែតាំងពីឆ្នាំ ២០១៣ ម្លេះ ក្រសួងការពារជាតិប្រទេសនេះបានសំណូមពរឲ្យបាញ់បាន ១០គ្រាប់/នាទី ហើយស្តុកទុកប្រមាណ ៦៥០គ្រាប់របស់វាគ្រប់ប្រភេទ។
អាវុធប្រភេទនេះ នឹងត្រូវបំពាក់ឲ្យប្រភេទនាវាប្រយុទ្ធជំនាន់ថ្មី ជាអាទិ៍ Zumwalt ព្រោះវាអាចផ្តល់ថាមពលអគ្គិសនីគ្រប់គ្រាន់ឲ្យប្រព័ន្ធអាវុធថ្មីនេះ ដែលតម្រួវគឺ 78MW។