កោះកុង ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យសហគមន៍ព្រៃកោងកាងទាំងអស់ នៅខេត្តកោះកុង រៀបចំជាសួនទេសចរណ៍ សម្រាប់ភ្ញៀវទេសចរដាំកូនឈើឱ្យបានល្អ ដើម្បីទាក់ទាញឱ្យពួកគេមកទស្សនាសហគមន៍ទាំងនោះម្ដងទៀត ឬច្រើនដងទៀត នៅពេលកូនឈើទាំងនោះលូតលាស់ធំ។
ពិធីដាំដើមឈើអនុស្សាវរីយ៍នៅសួនទេសចរណ៍បឹងកាយ៉ាក់ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករទេសចរណ៍ សិស្សានុសិស្ស និងភ្ញៀវទេសចរ។
ការរៀបចំពិធីដាំដើមឈើនេះគឺដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ (ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង) និងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ពិសេសព្រៃកោងកាង អោយស្ថិតនៅគង់វង្ស សំដៅផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍ បរិស្ថាន និងសេដ្ឋកិច្ចនៅតំបន់ឆ្នេរ ខេត្តកោះកុង។
ពិធីដាំកូនឈើអនុស្សាវរីយ៍នេះ ធ្វើឡើងនៅសួនទេសចរណ៍បឹងកាយ៉ាក់ មានទីតាំងស្ថិតក្នុងសហគមន៍អេកូទេសចរណ៍ពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំ និងលើកទឹកចិត្តដល់សហគមន៍ទេសចរណ៍ទាំងអស់ ត្រូវជំរុញចលនា ទេសចរម្នាក់ ដើមឈើមួយដើម ពិសេសគឺការជំរុញឱ្យភ្ញៀវទេសចរចូលរួមដាំដើមកោងកាង ទោះនៅទីណាក៏ដោយ។
លោកបានបន្តថា នៅពេលទេសចរដាំហើយ សហគមន៍ត្រូវមានការចុះឈ្មោះជូនទេសចរដែលជាអ្នកដាំនោះ។ ធ្វើបែបនេះគឺដើម្បីទាក់ទាញឱ្យទេសចរ មកទស្សនាទីកន្លែងទាំងនោះម្ដងទៀត ឬច្រើនដងទៀត នៅពេលដែលពួកគេមកមើលដើមឈើដែលពួកគេបានដាំកាលពីមុន។ ចលនាទេសចរម្នាក់ ដើមឈើមួយដើម មិនត្រឹមតែផ្នែកចូលរួមថែរក្សាការពារបរិស្ថានទេ តែចលនានេះក៏ជាយន្តការ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាប្រទេសកម្ពុជា កាន់តែច្រើនផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យសហគមន៍ព្រៃកោងកាង នៅខេត្តកោះកុង ខិតខំថែទាំសួនទេសចរណ៍ ឱ្យល្អទុកសម្រាប់ភ្ញៀវទេសចរដាំដើមឈើអាចមករាល់ថ្ងៃ ហើយត្រូវបានយន្តការក្នុងការគ្រប់គ្រង ហើយយូរៗទៅ សហគមន៍ក៏អាចតម្រូវឱ្យទេសចរបង់ប្រាក់ សម្រាប់អ្នកថែរក្សាដើមឈើរបស់គាត់បានថែមទៀតផង៕ ដោយ ៖ បញ្ញាស័ក្តិ