ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺជុំវិញព័ត៌មាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ដែល ចោទប្រកាន់ថ្នាក់ដឹកនាំសហព័ន្ធ គឺលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតារាបាល់ទាត់អន្ដរជាតិ Keisuke Honda។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ការចោទប្រកាន់ដោយគ្មានភស្ដុតាង និងមានចរិតនយោបាយ ដែលមិនត្រឹមតែបន្ទុចបង្អាក់
ការរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ របស់កីឡាលំដាប់ពិភពលោកនេះទេ ប៉ុន្ដែជាការបន្ទុចបង្អាក់ការអភិវឌ្ឍន៍វិស័យបាល់ទាត់ ក្នុងតំបន់ ទ្វីបអាស៊ី និងអន្ដរជាតិដូច្នោះដែរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបំភ្លឺថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សារព័ត៌មានជាតិ និងអន្តរជាតិ បានលើកឡើងអំពីការចោទប្រកាន់ដដែលៗ ដោយគ្មានភស្តុតាង និងមានចរិតលក្ខណៈនយោបាយ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា លោក សៅ សុខា គឺជាសមាជិកដ៏ល្អរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF)
សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)និងសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA)មិនដូចការចោទប្រកាន់របស់មន្ដ្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិលោក Brad Adams ឡើយ ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បានខិតខំអភិវឌ្ឍន៍បាល់ទាត់ ដោយគោរពតាមនិយាមរបស់ FIFA និងរួមចំណែកជួយសង្គមបានយ៉ាងច្រើនផងដែរ ។ តារាបាល់ទាត់លោក Keisuke Honda ជាកីឡាករលំដាប់ពិភពលោកដែលបានលេងក្នុងពានរង្វាន់FIFA World Cup បីជំនាន់ ហើយជាកីឡាករតែមួយគត់មកពីតំបន់អាស៊ី ដែលអាចរកគ្រាប់ក្នុងពាន រង្វាន់ FIFA World Cup បីជំនាន់បន្តបន្ទាប់គ្នា និងជាកីឡាករជាទីស្រឡាញ់ និងជាទីគោរពរបស់អ្នកស្នេហាកីឡាបាល់ទាត់ក្នុងពិភពបលោក។ កីឡាករ ហុងដា បានស្ម័គ្រចិត្តចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា និងជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ឆ្ពោះទៅរកកម្រិតតំបន់ និងទ្វីបអាស៊ី ។
សូមបញ្ជាក់ថា លោក Brad Adams បានលើកយកហេតុការណ៍ឆ្នាំ១៩៩៧ ដែលកាលនោះមានគណៈបក្សនយោបាយមួយ នាំទាហានខ្មែរក្រហម មកពេញទីក្រុងភ្នំពេញ ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ថា ការដែលលោក ហុងដា កេស៊ូកិ ចាប់ដៃធ្វើការជាមួយ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសលោក សៅ សុខា នឹងបង្កើតឲ្យមានភាពអាប់ឱនដល់មុខមាត់គាត់ផង និងមុខមាត់ជាតិរបស់គាត់ផងដែរ៕ ដោយ ៖ រចនា