បាត់ដំបង ៖ ព្រែកទាល់ ជារមណីយដ្ឋានជំរកសត្វស្លាបអាថ៌កំបាំង ធម្មជាតិ នៅតំបន់ទន្លេសាប ។ នៅទីនោះ គឺជាជម្រកសត្វស្លាបដ៏ធំមួយ និងជាប្រភពតំណពូជ សម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ ដែលមានសត្វស្លាប១១០ប្រភេទរស់នៅទីនោះ និងបានកើនឡើង៣០ភាគរយ ក្នុងឆ្នាំ២០១៨ បើធៀបទៅនឹង២ឆ្នាំមុខ។
បើតាមការផ្សាយក្នុងផេកហ្វេសប៊ុក របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី៤ខែមករាឆ្នាំ២០១៩នេះ បានឲ្យដឹងថា ព្រែកទាល់ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ ដែលស្ថិតនៅ ភូមិព្រែកទាល់ និងភូមិអន្លងប្អួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខាងជើងឈៀងខាងលិច នៃទីរួមខេត្តបាត់ដំបង មានចម្ងាយស្មើនឹងពាក់ កណ្តាលផ្លូវ នៃការធ្វើដំណើរ តាមទូកពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប។ ទេសចរអាចធ្វើដំណើរ ទៅកាន់រមណីយដ្ឋាន ដោយមធ្យោបាយទូក កាណូត អូប័រ និងប្រើពេលប្រមាណ ៧ម៉ោង នៅរដូវវស្សា និង១០ ម៉ោង នៅរដូវប្រាំង អាស្រ័យលើល្បឿនកាណូត ។ ព្រែកទាល់ ជារមណីយដ្ឋានជម្រកសត្វស្លាបអាថ៌កំបាំង ធម្មជាតិ នៅតំបន់ទន្លេសាបមួយ ដែលមានតាំងពីយូលង់ណាស់មកហើយ នៅទីនោះ គឺជាជម្រកសត្វស្លាបដ៏ធំមួយ និងជាប្រភពតំណពូជ សម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ ។
នេះបើតាមការផ្សាយរបស់វេបសាយក្រសួងព័ត៌មាន AKP នោះ គឺតំបន់អភិរក្ស ព្រែកទាល់ ដែលមានទីតាំងនៅកណ្តាល បឹងទន្លេសាប ខេត្តបាត់ដំបង មានសត្វស្លាប១១០ប្រភេទ រស់នៅទីនោះ និងបានកើនឡើង៣០ភាគរយ ក្នុងឆ្នាំ២០១៨ បើធៀបទៅនឹង២ឆ្នាំមុខ។
លោក កប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បាននិយាយថា ការកើនឡើងនេះ ដោយសារនៅតំបន់នេះ ប្រមូលផ្តុំសត្វស្លាបនានាមករស់នៅ។ ម្យ៉ាងវិញទៀត នៅតំបន់ទីនេះសម្បូរទៅត្រី ដែលជាចំណីរបស់បក្សីទាំងនោះ។ សត្វស្លាបដែលមានរស់នៅក្នុងតំបន់អភិរក្សនេះតែម្តង បានកើន ២០ភាគរយ បានពីការបន្តពូជ និង១០ភាគរយទៀត បានមកពីការចូលមករស់នៅពីតំបន់ផ្សេងៗ។
តំបន់អភិរក្សព្រែកទាល់នេះ ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានពពួកសត្វស្លាបកម្រៗ រស់នៅច្រើនជាងគេ បំផុតនៅលើពិភពលោក ។ សម្រស់ធម្មជាតិ នៃផ្ទៃបឹងដ៏ស្រស់ស្អាត នៅទីនោះ កំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរ ដែលភាគច្រើនជាជនបរទេស ឲ្យទៅទស្សនាកាន់តែមានចំនួនច្រើន ឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកទេសចរដែលចង់ទៅទស្សនាតំបន់នោះ អាចធ្វើដំណើរ ទៅបានតែតាមមធ្យោបាយជិះទូក ឬកាណូត តែប៉ុណ្ណោះ ដែលកន្លងមកភាគច្រើន ចេញដំណើរពីតំបន់ចុងឃ្នាស នៃខេត្តសៀមរាប ដោយជិះទូក ឬកាណូតប្រមាណជា ១ម៉ោងកន្លះ ទើបទៅដល់ភូមិព្រែកទាល់នេះ។
នៅរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា មានប្រភេទសត្វស្លាបរាប់រយប្រភេទដូចជា ទុង ក្រសារ ប្រវឹក រនាលពណ៌ ត្រដក់ និងសត្វជាច្រើនប្រភេទផ្សេងទៀត បាននាំគ្នាមកតំបន់នេះ យ៉ាងកកកុញ ដើម្បីរកចំណី ក្រាបពង និងបង្កាត់ពូជក្នុងដែនជម្រកអភិរក្សមួយនេះ។ នៅទីនោះគេបានរៀបចំធ្វើជាកន្លែងសម្រាប់ទស្សនាសត្វស្លាប គឺគេធ្វើជារាននៅលើទឹកសម្រាប់ឲ្យអ្នកទេសចរឈរ ឬអង្គុយមើលហ្វូងសត្វស្លាបទាំងនោះបានយ៉ាងងាយស្រួល។
ក្រៅពីទិដ្ឋភាពនៃហ្វូងសត្វស្លាបដ៏គួរឲ្យចាប់អារម្មណ៍ គឺនៅមានទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត ការនេសាទត្រី បែបប្រពៃណីរបស់ប្រជានេសាទសហគមន៍ ផ្ទះបណ្ដែតទឹក ធម្មជាតិជាលក្ខណៈជីវៈចម្រុះ និងធនធានធម្មជាតិផ្សេងៗទៀត ដែលមានទាក់ទងនឹងផ្ទៃទឹកទន្លេសាប ទាំងមូលតែម្តង។ នៅតំបន់នោះឃើញមានភូមិនេសាទមួយ ដែលមានប្រជាជនរស់នៅជាង ១២០០ គ្រួសារ រស់នៅក្នុងផ្ទះបណ្ដែតទឹក លើក្បូនឫស្សី ឬផ្ទះទឹកដែលផ្លាស់ប្ដូរ ទៅតាមការឡើងស្រក នៃផ្ទៃទឹកបឹងទន្លេសាប៕ ដោយ ៖ កូឡាប