ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុកផ្លូវការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០១៩ បានចេញរបាយការណ៍ពី សកម្មភាពការងារមន្ត្រី នៃមន្ទីរកសិកម្មនានាចំនួន៣ ពាក់ព័ន្ធនឹងការបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់។
ក្រសួងកសិកម្ម បានបញ្ជាក់ថា សកម្មភាពការងារមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩៖ នាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ផ្នែករដ្ឋបាលព្រៃឈើកោះញែក សង្កាត់រដ្ឋបាល ព្រៃឈើស្រែសង្គម និងណងឃីលឹក សង្កាត់ រដ្ឋបាលព្រៃឈើរយ៉ និងមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ដែលដឹកនាំដោយលោក ប្រធានការិយាល័យពាណិជ្ជកម្ម និងវិញ្ញាបនបត្រព្រៃឈើ បានចុះពិនិត្យទីតាំរោងម៉ាស៊ីនអារកែច្នៃឈើ លើការស្នើសុំបន្តសុពលភាពក្រុមហ៊ុន សម្បទានដីសង្គមកិច្ច អតីតយុទ្ធជន របស់ឧកញ៉ា ស្រ៊ុន ម៉េងលាង។ នាយសង្កាត់រដ្ឋបាលព្រៃឈើអូររាំង បានសហការជាមួយ កម្លាំងអាជ្ញាធរស្រុកនិងកម្លាំងនគរបាលប៉ុសិ្តឃុំសែនមនោរម្យ បានចុះដកបង្គោលព្រំជនល្មើស បានដាំព័ទ្ធយកដីចំការស្រល់ស្ថិតភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងបានចំនួន ២១ដើម ថ្ម១០ដើម និងបង្គោលឈើ១១ដើម យកមករក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូររាំង។
ក្រុមការងារខណ្ឌ ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើសែនមនោរម្យ បានចាប់ឃាត់រថយន្តមួយគ្រឿងម៉ាក Ford ពាក់ស្លាក់លេខ ភ្នំពេញ 2W-5192 នៅចំណុចស្ពានអូទេ និងរយន្តម៉ាកសំយ៉ុង ចំនួន ៣គ្រឿងទៀត នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ វត្ថុតាងនៅមិនទាន់បានវាស់ វែងនៅឡើយ ហើយរថយន្តបានយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានទទួលវត្ថុតាងល្មើស រួមមាន រថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2I- 7295 ដឹកជញ្ជូនផល អនុផលព្រៃ ឈើចំនួន២៣៥ដុំស្មើរ២.១០៨ ពីកម្លាំងរាជអាវុធហត្ថស្រុកកែវសីមា ហើយបានយកមករក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមា៕ ដោយ ៖ កូឡាប