បាត់ដំបង ៖ នៅថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ក្នុងផ្សារបរវេល ស្ថិតនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញាផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានបញ្ជាក់ថា ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចម្រុះសរុបចំនួន ៥០ គីឡូក្រាម។ មន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកមករក្សាទុក នៅសាខាកាំកុងត្រូលខេត្ត ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងនោះ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ ដោយ ៖ កូឡាប