តាកែវ ៖ នៅរព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់ក្នុងសាលជើងខ្លាំងក្នុងទីរួមខេត្តតាកែវ ចំនួន៣២ក្រុមបានណាត់ជួបគ្នា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅទីលានប្រកួតផ្សារបូរីរស្មីក្រុងដូនកែវ ខេត្តតាកែវ ក្នុងចំណោម ៣២ក្រុម នឹងមានការជម្រុះយកជើងខ្លាំងតែ៤ក្រុម តែប៉ុណ្ណោះ ដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកជើងឯក នៅរាជធានីភ្នំពេញនាថ្ងៃទី ១៦-១៧ ខែមីនាខាងមុខនេះ។
លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី៧នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនាំមកឲ្យប្អូនៗទាំងអស់គ្នា ចូលរួមសម្តែងនូវសមត្ថភាព ក្តីសប្បាយរីករាយ និងភាពខ្លាំងក្លារបស់ខ្លួន ការគោពរ ការរាប់អានគ្នា ចងសម្ព័ន្ធភាព គ្នាទៅវិញទៅមក នេះជាអ្វីដែលសំខាន់ ក្នុងព្រឹត្តិការណ៍។ តាំងនាម ឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស្រាបៀរ Tiger និងសហការីទាំងអស់ បានសហការចាប់តាំងពីឆ្នាំទី១រហូត ដល់ឆ្នាំទី៧ ទទួលបានជោគជ័យ។
លោកស្រី ថោង បរវក្ខិណា តំណាងអោយក្រុមហ៊ុនស្រាបៀរ Tiger បានមានប្រសាសន៍ថា សូមស្វាគមន៍ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019លើកទី៧ នៅខេត្តតាកែវ ដែលជាខេត្តថ្មីមួយសម្រាប់ការប្រកួតក្នុងរដូវកាលថ្មីនេះ ហើយការប្រកួត បានត្រឡប់មកវិញ កាន់តែធំកាន់តែអស្ចារ្យ ដែលមានការប្រកួតកើនឡើង រហូតដល់៩ខេត្ត/ក្រុង ទូទាំងប្រទេសចួលរួម ជាមួយទឹកប្រាក់រង្វាន់សរុប ៥០,០០០ដុល្លារអាមេរិក ព្រមទាំងជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៦-១៧ ខែមីនាខាងមុខនេះ។
លោកស្រី ថោង បរវក្ខិណា បានបន្តថា យើងខ្ញុំក៏សូមថ្លែងអំណរគុណ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានជួយផ្នែកជំនាញបច្ចេកទេស ចាប់តាំងពីពេលចាប់ផ្តើមបង្កើត ព្រឹត្តិការណ៍នេះឡើង។ ហើយជាកិច្ចផ្តាំផ្ញើ កីឡាករទាំងអស់ត្រូវសម្តែងចេញ នូវភាពក្លាហាននៅលើទីលាន ប្រកួតដើម្បីក្លាយជាជើងឯក Tiger Street Football Festival 2019 ៕ ដោយ ៖ តាកែវ