ប្រតិភូមួយរបស់កងទ័ពរុស្ស៊ី នៅថ្ងៃនេះ បានទៅដល់ក្រុងព្យុងយ៉ាង ប៉ុន្តែមូលហេតុនៃដំណើរទស្សនៈកិច្ចពុំត្រូវប្រកាសឲ្យដឹងទេ។

ស្ថានទូតកូរ៉េខាងជើងប្រចាំរុស្ស៊ី នៅថ្ងៃនេះបានឲ្យដឹងថា ប្រតិភូមួយរបស់ក្រសួងការពារជាតិរុស្ស៊ី ដឹកនាំដោយលោក Victor Kalganov នាយករងមជ្ឈមណ្ឌលបញ្ជាការពារប្រទេសរុស្ស៊ី បានទៅដល់ក្រុងព្យុងយ៉ាង -នេះបើតាម Reuter ចុះផ្សាយ។
Moscow និងព្យុងយ៉ាងពុំបានបង្ហើបឲ្យដឹងពីគោលបំណងនៃទស្សនកិច្ចនេះទេ។ ប៉ុន្តែវាបានប្រព្រឹត្តទៅស្របខណៈពេលដែលអាមេរិកប្រកាសត្រៀមចរចាជាមួយកូរ៉េខាងជើង ដោយពុំមានដាក់លក្ខខណ្ឌជាមុន។ ប៉ុន្តែប្រមុខការទូតអាមេរិក Rextillerson អះអាងថា ចាំបាច់ត្រូវមានអំឡុងពេល “ស្ងប់ស្ងាត់” ទុកសម្រាប់កិច្ចពិភាក្សាបឋមមួយអាចប្រព្រឹត្តទៅ។
“គឺជាការលំបាកណាស់ ប្រសិនបើនៅកណ្តាលទី អស់លោកបែរជាសម្រេចសាកល្បងគ្រាប់បែកទៀត។ យើងខ្ញុំត្រូវការរយៈពេលស្ងប់ស្ងាត់មួយ”។ បណ្តាមន្ត្រីសន្តិសុខអាមេរិក និងកូរ៉េខាងជើងអាចមានលទ្ធភាពជួបគ្នានៅពេលដែលពួកគេចូលរួមក្នុងសន្និសីទរបស់ក្រុមប្រឹក្សាសម្រាប់សហប្រិតបត្តិការ នៅទ្វីបអាស៊ី-ប៉ាស៊ីហ្វិក (CSCAP) នាប្រទេសថៃក្នុងសប្តាហ៍នេះ -Yonhap ចុះផ្សាយ។
មេដឹកនាំកូរ៉េខាងជើង Kim Jong-Un នៅថ្ងៃនេះដែរបានប្រកាសពីគោលដៅប្រែក្លាយកូរ៉េខាងជើងទៅជា មហាអំណាចនុយក្លេអ៊ែ និងយោធាខ្លាំងបំផុតពិភពលោក”។ លោក Kim ក៏បានស្ងើចសរសើរចំពោះការដែលក្រុងព្យុងយ៉ាងទទួលបានជោគជ័យក្នុងកិច្ចអភិវឌ្ឍន៍យុទ្ធសាស្ត្រ ៖ គ្រាប់នុយក្លេអ៊ែរ គ្រាប់បែកអ៊ីដ្រូហ្សែន កាំជ្រួច Hwasong-15 ហើយលោកថ្លែងឱឡារិកថា វាជាជោគជ័យរបស់ខ្លួន៕ ចន្ទ្រា