ភ្នំពេញ ៖ ដើម្បីអភិវឌ្ឍវិស័យអទិភាពលើម្រោងថ្មីមួយស្តីពី “ការធ្វើពិពិធកម្មកសិកម្មកម្ពុជា” នេះ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល បានកំណត់រួច ក្នុងយុទ្ធសាស្ត្រចតុកោណ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ចំនួន៥ចំណុចធំៗ ដល់ក្រុមការងារគម្រោង របស់ធនាគារពិភពលោក យកទៅពិនិត្យពិចារណា ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងដំណើរបានរលូននិងទទួលបានជោគជ័យ ទាំងម្ចាស់ជំនួយ និងអ្នកទទួលជំនួយ(កសិករ) ក្នុងខេត្តគោលដៅ។
នៅទីស្តីការក្រសួង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអនុញ្ញាឲ្យលោកស្រី ចំរើន មុតិតា តំណាងឲ្យធនាគារពិភពលោក និងជាប្រធានក្រុមការងារ និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ រួចស្នើសុំអនុសាសន៍ជាគន្លឹះសំខាន់ៗមួយចំនួន ដើម្បីកសាងគម្រោងថ្មីមួយស្តីពី “ការធ្វើពិពិធកម្មកសិកម្មកម្ពុជា Cambodia Agriculture Sector Diversification Project” ឲ្យបានរលូននិងទទួលបានជោគជ័យ។
តាមអ្វីដែលលោកស្រីចំរើន មុតិតា បានថ្លែងក្នុងជំនួបនោះថា បេសកកម្មរបស់ក្រុមការងារនាពេលនេះគឺមានបំណង រៀបចំផែនការសកម្មភាពនៃដំណើរការបឋមរបស់គម្រោង កំណត់សមាសភាពពាក់ព័ន្ធចូលរួម កំណត់ប្រព័ន្ធតាមដាននិងវាយតម្លៃ ឯកភាពលើការគ្រប់គ្រងគម្រោង រៀបចំធ្វើទស្សនកិច្ចនៅតាមបណ្តាខេត្តដែលមានសក្តានុពល សម្របសម្រួល និងរៀបចំកិច្ចប្រជុំដើម្បីអនុម័តសម្រេច។ គម្រោងនេះក៏នឹងមានភាគីពាក់ព័ន្ធសំខាន់មានជាអាទិ៍ វិស័យឯកជន ដៃគូអភិវឌ្ឍ ។
នាឱកាសនេះលោករដ្ឋមន្ត្រី បានជម្រាបជូនក្រុមការងារពីការវិវឌ្ឍវិស័យកសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបញ្ហាប្រឈមមួយចំនួនដូចជាការធ្លាក់ចុះកម្លាំងពលកម្មដោយសារការធ្វើចំណាកស្រុក តម្លៃពលកម្មកើនឡើង ទិន្នផលកសិកម្មនៅមានកម្រិតទាបបើធៀបជាមួយប្រទេសជិតខាង ស្របពេលដែលសេចដ្ឋកិច្ចជាតិមានការរីកចម្រើន ចំនួនប្រជាជនមានការកើនឡើង ទីផ្សារកសិផលលក្ខណៈប្រកួតប្រជែងខ្លាំង ការវិនិយោគលើវិស័យនេះក៏នៅមានកម្រិត ខណៈដែលវិស័យនេះមានសក្តានុពលឬឱកាសសម្រាប់ធ្វើការវិនិយោគ។
លោករដ្ឋមន្ត្រីបានជូនអនុសាសន៍ ជាគន្លឹះដល់ក្រុមការងារគម្រោងរបស់ធនាគារពិភពលោករួមមាន៖
ទី១- គួរសិក្សានិងធ្វើការកែសម្រួលលើប្រព័ន្ធស្រោចស្របកសិកម្ម ធ្វើយ៉ាងងាយស្រួលដល់កសិករក្នុងការ ប្រើប្រាស់ ដោយគួរតែសិក្សាពីលទ្ធភាពអាចទាញយកទឹកពីប្រភពទឹកដែលមានស្រាប់ដូចជាអាងទឹក ទន្លេ បឹង ត្រពាំង ឬអណ្តូង។ គួរបង្កើនសមត្ថភាពដល់អ្នកប្រើប្រាស់លើការងារគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកឲ្យបានសមស្រប។
ទី២-គួរសិក្សាពីលទ្ធភាពនៃការផ្លាស់ប្តូរមុខដំណាំ គឺត្រូវធ្វើយ៉ាងណាដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ សមស្របទៅតាមស្ថានភាព និងគុណភាពដី និងលក្ខណៈអំណោយផលក្នុងការស្រោចស្របទឹក។
ទី៣-គួរសិក្សាពីលទ្ធភាពនៃការអនុវត្តពិពិធកម្មកសិកម្មទំនើបដើម្បីធានាបានទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនចំណូលក្នុងគ្រួសារ ដែលសមាជិកចេះតែកើនឡើង និងកំណើនសេដ្ឋកិច្ច មានកើនឡើងជារៀងរាល់ឆ្នាំ។
ទី៤-ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបដែលមានលក្ខណៈសមស្របទៅតាមលទ្ធភាពនិងស្ថានភាពរបស់កសិករ ដើម្បីធានាបាននូវនិរន្តរភាពនៃការផលិត និងការផ្គត់ផ្គង់។
ទី៥-គួរសិក្សាពីយន្តការនៃការផលិតតាំងពីការជ្រើសរើសពូជ ការដាំដុះ បច្ចេកវិទ្យាក្រោយពេលប្រមូលផល ការដឹកជញ្ជូន ការស្តុកទុក ឃ្លាំងសម្ងួត ការកែច្នៃ និងការនាំចេញ៕ ដោយ៖បញ្ញាស័ក្តិ