កូនសិស្សសាលាយ៉ាងហោចណាស់ចំនួន ៤នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៏មួយ បន្ទាប់ពីរថភ្លើងមួយបានបុកគ្នាជាមួយនឹងឡានដឹកសិស្សសាលា នៅទីក្រុង Perpignan ភាគខាងជើងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី ១៥នេះ។
មនុស្សចំនួន ២០នាក់ផងដែរបានរងរបួសក្នុងហេតុការណ៏ដ៏រន្ធត់នោះ ហើយមាន ១១នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ឡានក្រុងបានដឹកសិស្សសាលាជាច្រើននាក់ ដែលមានអាយុ ចន្លោះ ១៣ ទៅ ១៧ឆ្នាំពីសាលានៅក្បែរកន្លែងកើតហេតុ មុនពេលវាត្រូវបានបុកដោយរថភ្លើង។ បើតាមរូបភាពនៅកន្លែងកើតហេតុ ឡានក្រុងបានដាច់ជាពីរ ដោយសារកំលាំងនៃការបុកដោយរថភ្លើង។
ឡានក្រុងកំពុងឆ្លងកាត់ផ្លូវនៅពេលវាបុកពេញទំហឹងដោយរថភ្លើងដែលកំពុងធ្វើដំណើរពីទីក្រុង Perpignan ក្នុងល្បឿន ៨០គីឡូម៉ែតក្នុងមួយម៉ោង។
អ្នកបញ្ជារថភ្លើងបាននិយាយថា មានសាក្សីជាច្រើននាក់បានរាយការណ៏ថា ពួកគេបានឃើញរបាំងដាក់ឃាំងនៅកន្លែងឆ្លង ក្នុងកំឡុងពេលការបុកគ្នា។
សាក្សីម្នាក់ដែលនៅលើរថភ្លើងបាននិយាយថា វាគឺជាគ្រោះថ្នាក់ដ៏រន្ធត់។ វាហាក់ដូចជា រថភ្លើងនឹងធ្លាក់ផ្លូវ ខណៈដែលមានមនុស្សចំនួន ៣០នាក់កំពុងនៅលើរថភ្លើង។
អ្នកស៊ើបអង្កេតកំពុងរងចាំសួរស្ត្រីដែលជាអ្នកបើករថយន្តក្រុងដែលបានរងរបួសតិចតួចប៉ុណ្ណោះក្នុងគ្រោះថ្នាក់នោះ។ អ្នកបើកបរទាំងពីរនាក់របស់ឡានក្រុង បានរត់ចេញរួចទាំងមានរបួស៕ សុភ័ក្ត្រ