Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ រដ្ឋាភិបាល​កម្ពុជា បានកំណត់​នូវ​កម្លាំងចលករ សំខាន់​ចំនួន​៤ ដែល​កំពុងតែ​ជំរុញ​កំណើនសេដ្ឋកិច្ច​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់​អ្នក​វិនិយោគិន​ដែល​កំពុងតែ​រកស៊ី​នៅ​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​នូវ​កម្លាំងចលករ សំខាន់​ចំនួន​៤ ដែល​កំពុងតែ​ជំរុញ​កំណើនសេដ្ឋកិច្ច ដូចជា វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វាយ​ន​ភណ្ឌ និង​ស្បែកជើង វិស័យ​សំណង់ វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ដែល​នៅក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទាក់ទាញ​វិនិយោគិន​ផ្ទាល់​ពី​បរទេស ក្នុង​ទុនវិនិយោគ​សរុប​ចំនួន ៣.៦០៩,៧០ លាន​ដុល្លារ​។​

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​នាំចេញ​-​នាំចូល និង​ខេត្ដ​១ ផលិតផល​១ កម្ពុជា​លើក​ទី​១២ ឆ្នាំ​២០១៧ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ភ្នំពេញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ បាន​ជួយ​បង្កើន​ផលិតភាព បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល ពង្រឹងគុណភាព​ផលិតផល និង​សេវា​បង្កើត ការងារ​ថ្មីៗ បង្កើន​ប្រាក់ចំណូល ជួយ​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ នៅ​កម្ពុជា​។ លើសពីនេះទៅទៀត សម្តេច បានកត់សម្គាល់​ឃើញថា តាមរយៈ​ការរៀបចំ​ពិព័រណ៍​ក្នុងស្រុក និង ការចូលរួម​របស់​ក​ម្ពុ​ជា​ក្នុង​ពិព័រណ៍​ធំៗ​នៅក្រៅ​ប្រទេស​ដូចជា ពិព័រណ៍​ពិភពលោក (​ដំណើរការ​រយៈពេល​០៦​ខែ​) ពិព័រណ៍​អន្តរជាតិ (​ដំណើរការ​រយៈពេល​០៣​ខែ​) និង​ពិព័រណ៍​ចិន​-​អាស៊ាន​ជាដើម ធ្វើ​ឲ្យ​កម្ពុជា​យើង​មាន​កិត្តិយស ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ និង​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​ផ្សព្វផ្សាយ​អំពី​ផលិតផល​សក្តានុពលរ​បស់​ខ្លួន ស្វែងរក​ទីផ្សារ​នាំចេញ ទាក់ទាញ​វិនិយោគិន​បរទេស និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ជាពិសេស បាន​ចូលរួមចំណែក​ផ្សព្វផ្សាយ​អំពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

​កត្តា​សន្តិភាព និង​សន្តិសុខ ក្នុងប្រទេស និង​ក្នុង​តំបន់ គឺជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​។ ដូច្នេះ​ការកសាង និង​ថែ រក្សា​ឲ្យ​ខាងតែបាន​នូវ​សន្តិភាព និង​សន្តិសុខ គឺជា​អាទិភាព​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ តាម រយៈ​គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការរក្សាបាន​នូវ​សន្តិភាព និង​សន្តិសុខ សង្គម​ទូទាំងប្រទេស បានធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​កាលានុវត្តភាព​ថ្មី​ពុំ​ធ្លាប់មាន សម្រាប់​ការកែទម្រង់ ទូលំទូលាយ​មួយ ព្រមទាំង​ទទួលបាន​នូវ​ទំនុកចិត្ត​ខ្ពស់​ពី​ធុរជន និង​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលជា​ឱកាស​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​ក្នុង​កំណើន​ជា​មធ្យម ៧,៧% ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល ២០​ឆ្នាំ កន្លងទៅ​។ ធនាគារពិភពលោក​បាន​ហៅ​កម្ពុជា​ថា ជា​អត្ត​ព​លិ​ក​អូឡាំពិក​នៃ​កំណើន ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​បំផុត​ទី​៦ លើ​ពិភពលោក ជាមួយនឹង​គោលនយោបាយ​វិនិយោគ​បើកចំហរ​បំផុត​នៅក្នុង​តំបន់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​នូវ​កម្លាំងចលករ​សំខាន់​ចំនួន​៤ ដែល​កំពុងតែ​ជំរុញ​កំណើនសេដ្ឋកិច្ច រួមមាន​៖

១- វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វាយ​ន​ភណ្ឌ និង​ស្បែកជើង​
២- វិស័យ​សំណង់​
៣- វិស័យ​ទេសចរណ៍ និង​
៤- វិស័យ​កសិកម្ម​។ ដោយមាន​កម្លាំង​ពលកម្ម​ដ៏​ខ្លាំងក្លា និង​ធនធាន​ដ៏​សម្បូរបែប រួម​ជាមួយនឹង​គោលនយោបាយ​ច្បាស់លាស់ ដែល​ផ្ដល់នូវ​ទំនុកចិត្ត​ខ្ពស់ នៅក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទាក់ទាញ​វិនិយោគិន​ផ្ទាល់​ពី​បរទេស ក្នុង​ទុនវិនិយោគ​សរុប​ចំនួន ៣.៦០៩,៧០ លាន​ដុល្លារ ក្នុងនោះ វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន ៣៤%, វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ១៥%, វិស័យ​កសិកម្ម ១៣% និង​វិស័យ​ទេសចរណ៍ ៣៨%​។ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទាំង​បួន​ខាងលើ​កាន់តែ​មានការ​រីកចម្រើន រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ សំដៅ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកប ដោយ​ចីរភាព និង​ដើម្បី​ប្រែក្លាយ​កម្ពុជា​បច្ចុប្បន្ន ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​សម្រេចបាន​គោលដៅ​ជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហ​កម្មនេះ តម្រូវ​ឲ្យ​មានការ​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ១២ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១០​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ និង​កាត់បន្ថយ​ចំណាយ​ដឹកជញ្ជូន និង​ថាមពល​អគ្គិសនី​។ វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ មានការ​កើន​ទ្បើង​ជា​លំដាប់​។ ជាក់ស្ដែង​កាលពី​ឆ្នាំ ២០១៦ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​បរទេស គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ ៨​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ ១១% ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៥​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​ថា ដោយសារ​ការរក្សាបាន​នូវ​សន្តិភាព សន្តិសុខ​សង្គម និង​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ល្អ គ្រប់​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា មានឱកាស​បំពេញ​តួនាទី​របស់ខ្លួន​បានល្អ​ប្រសើរ​។ ជាក់​ស្តែង​ក្រសួងពាណិជ្ជកម្ម​បាន និង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ល្អ​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ពាណិជ្ជករ អាជីវករ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម បានធ្វើ​ប្រតិភូកម្ម​ការងារ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន បាន​អនុវត្តន៍​គម្រោង​ការប្រើ​ប្រាស់​វិក្កយបត្រ សម្រាប់ធ្វើ​ប្រតិវេទន៍​ស្វ័យ​បញ្ជាក់​ប្រភពដើម​ទំនិញ​ក្នុង​អាស៊ាន កែលម្អ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ រៀបចំ​ប្រកាស​រួម​ស្តីពី​ការកែប្រែ​ទម្រង់​សេវាសាធារណៈ (​លុបចោល​កម្រៃ​គ្រប់គ្រង​ការនាំចេញ​)​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ម្ចាស់​រោងចក្រ​ក្នុងការ​ដំឡើង​ប្រាក់ខែ​គោល​ជូន​កម្មករ កម្មការិនី​យើង​។​

​មុននឹង​បញ្ចប់ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​បងប្អូន​អាជីវករ ម្ចាស់​ក្រុម​ហ៊ុ​នានា​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម និ​វិនិយោគ​នៅ​កម្ពុជា សូម​បាន​ជោគជ័យ​។ បន្ទាប់មក​សម្តេច​តេ​ជោ បាន​អ​ញ្ជើ​ដើរ​មើល​ការតាំង​ពិ​ពណ៍​ទំនិញ​នៅក្នុង​មណ្ឌល​កោះ​ពេ​ជ្យ ។ ពិព័រណ៍​នៅ​កោះ​ពេជ្រ​គឺ​បើក​ជូន​សាធារណៈជន​ចាប់ពី​ថ្ងៃទី ១៥ ដល់ ១៨ ខែធ្នូ ២០១៧ នេះ​។

បន្ទាប់ពី​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា បើកសម្ពោធ​ពិព័រណ៍​ផលិតផល​នាំចេញ​-​នាំចូល និង​ខេត្ដ​១ ផលិតផល​១ កម្ពុជា​លើក​ទី​១២ ឆ្នាំ​២០១៧ រួចហើយនោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ទស្សនា ស្តង់​ផលិតផល​ទំនិញ​ជាច្រើន​ដែល​បានដាក់​បានដាក់​តាំង​បង្ហាញ​នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ពិព័រណ៍​នេះ មាន​រយៈពេល​ចាប់​៣​ថ្ងៃទី​១៥ ដល់ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​ការគាំទ្រ និង​ការចូលរួម​យ៉ាងសកម្ម ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ រួមមាន​៖ ប្រទេស​ថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ និង​មី​យ៉ាន់​ម៉ា ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម​ទាំង​២៥ រាជធានី​-​ខេត្ត អង្គការ សមាគម ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅប្រទេស ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា សរុប​ចំនួន ១៩៨​ក្រុមហ៊ុន ដែលមាន​ស្ដង់​សរុប​ចំនួន ២៨៦​ស្ដង់​។​

​ពិព័រណ៍​នេះ មាន​តាំង​បង្ហាញ នូវ​ផលិតផល និង​សេវា​ជាច្រើន​ប្រភេទ ដូចជា​៖ ផលិតផល​កសិកម្ម និង​សិប្បកម្ម​, ផលិតផល​ធ្វើ ពី​សូត្រ វត្ថុ​អនុស្សាវរីយ៍ សម្ភារ​ការិយាល័យ​, ក្រណាត់​, វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់​, ប្រដាប់ ប្រដា​ប្រើប្រាស់​ប្រចាំថ្ងៃ​, សម្ភារ​តុបតែង​ក្នុង​គេហដ្ឋាន​, គ្រឿងអលង្ការ និង​ត្បូងថ្ម​មានតម្លៃ​, គ្រឿង សម្អាង​, គ្រឿងសង្ហារិម​, ផលិតផល​ឱសថ​, ផលិតផល​បា្ល​ស្ទីក​, ម្ហូបអាហារ​កែច្នៃ​, គ្រឿងឧបភោគ​-​បរិភោគ​, ភេសជ្ជៈ​, គ្រឿង​អេឡិចត្រូនិក​, កុំព្យូទ័រ​, សម្ភារ​សំណង់​, ផលិតផល​សម្រាប់​បម្រើ​សេវា សណ្ឋាគារ​, ទេសចរណ៍ អប់រំ និង​ធនាគារ ជាដើម​៕ ដោយ​៖​កូ​ឡាប​

×