ជនជាតិប៉ាឡេស្ទីនចំនួន ៤នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួសកាលពីថ្ងៃសុក្រម្សិលមិញនេះ នៅក្នុងតំបន់ វេស បេងក៏ (West Bank) និងកាហ្សា (Gaza) ក្នុងកំឡុងពេលប៉ះទង្គិចគ្នារវាងកងកំលាំងប្រទេសអ៊ីស្រាអ៊ែរល និងអ្នកតវ៉ាប្រឆាំងនឹងទៅការទទួលស្គាល់ទីក្រុងជេរ៉ូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល។ នេះបើតាមការចេញផ្សាយរបស់ CNN។
ជនជាតិប៉ាឡេស្ទីនចំនួនប្រហែល ២.៥០០នាក់បានរុញកងឡានដែលពួកគេបានដុត និងបានគប់គ្រាប់បែកផ្សេង ព្រមទាំងថ្ម លើប៉ូលីសក្នុងទីក្រុងមួយចំនួនក្នុងតំបន់ វេស បេងក៏ និងមានប្រហែល ៣.៥០០នាក់ទៀត បានប៉ះទង្គិចជាមួយនឹងទាហ៊ាន នៅបណ្តោយរបងសន្តិសុខក្នុងតំបន់កាហ្សា។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ពីរនាក់ឈ្មោះ Yaser Sukar អាយុ ២៣ឆ្នាំ ត្រូវបានបាញ់ឲ្យស្លាប់នៅស្រុក Shujaiyya នៃទីក្រុងកាហ្សា និងម្នាក់ទៀតឈ្មោះ Abu Tharaya អាយុ ២៩ ឆ្នាំ ត្រូវបានបាញ់ស្លាប់ក្នុងពេលប៉ះទង្គិចជាមួយនឹងកងកំលាំងអ៊ីស្រាអ៊ែល នៅតាមបណ្តោយព្រំដែនកាហ្សាជាមួយនឹងអ៊ីស្រាអ៊ែល។
ចំនែកជនរងគ្រោះ ២នាក់ទៀតបានស្លាប់បាត់បង់ជីវិតក្នុងមន្ទីរពេទ្យ។ ពួកគេមានឈ្មោះ Basel Mustafa Muhammad Ibrahim អាយុ ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ Mohammad Ameen Aqel។
បើតាមការបញ្ជាក់របស់ក្រសួងដដែលបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ៣៦៧នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចនៅក្នុងតំបន់ទាំងពីរនោះ។
កងកំលាំងអ៊ីស្រាអ៊ែលបានប្រើប្រាស់ឧស្ម័នទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីបាញ់បំបែកហ្វូងអ្នកតវ៉ា។
តាំងពី ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងជេរ៉ូសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល មានការតវ៉ាយ៉ាងច្រើនផ្ទុះឡើងប្រឆាំងនឹងសេចក្តសម្រេចនោះ។ មេដឹកនាំនៃប្រទេសកាន់សាសនាអ៊ីស្លាមចំនួន ៥៧ប្រទេសក៏បានប្រកាសប្រឆាំងនឹងការប្រកាសរបស់ ត្រាំផងដែរ ហើយពួកគេនៅតែទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់ប្រទេសប៉ាឡេស្ទីនដដែល៕ សុភ័ក្ត្រ