ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ជប៉ុនបានចំណាយលុយដ៏សន្ធឹកសន្ធាប់ពុំធ្លាប់មានក្នុងឆ្នាំថវិការ ២០១៨។

តាម Kyodo ដែលទម្លាយចេញព័ត៌មានកាលពីថ្ងៃទី ១៦/១២ នោះក្រសួងការពារជាតិជប៉ុន បានចំណាយថវិការ ៥,១៩ពាន់ប៊ីលានយេន ប្រហាក់ប្រហែល ៤៦ប៊ីលានដុល្លារ ។
ទង្វើខាងលើរបស់រដ្ឋាភិបាលជប៉ុន សំដៅបង្កើនសមត្ថភាពការពារប្រទេស ទប់ទល់នឹងការគំរាមកំហែងដែលកាន់តែកើនឡើងពីសំណាក់កម្មវិធីកាំជ្រួច និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្នុងនោះផងដែរ ថវិការនេះ ក៏បានទុកចំណាយសម្រាប់ប្រព័ន្ធការពារកាំជ្រួច Aegis ។
ប្រៀបនឹងឆ្នាំមុន ថវិការចំណាយសម្រាប់កិច្ចការពារជាតិរបស់ជប៉ុនមានត្រឹមតែ ៤៥,៤ប៊ីលានដុល្លារ បង្ហាញឲ្យឃើញថា ៦ឆ្នាំមកហើយ ដែលថវិការចំណាយលើយោធាជប៉ុនមានការកើនឡើងជាលំដាប់។
សប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិជប៉ុន Hisunori Onodera ឲ្យដឹងថា ជប៉ុន មានផែនការទិញកាំជ្រួចរយៈចម្ងាយឆ្ងាយបញ្ជាដោយកម្មវិធី អាចបាញ់បានចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រ ពីបណ្តាក្រុមហ៊ុនអាមេរិក៕ សូយន