Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្ការ​សុខភាព​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ក្តៅ​

​ភ្នំពេញ ​៖ ​ដើម្បី​ចូលរួម​បង្ការ​សុខភាព​ដែល​អាច​កើតមាន​នៅក្នុង​អំឡុងពេល​អាកាសធាតុ​ក្តៅ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង សូម​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់​ឲ្យចូល​រួម អនុវត្តន៍​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ​ ។​

​អនុវត្តន៍​វិធានការ​បង្ការ ដើម្បី​សុខភាព​ល្អ​រួមមាន ​៖

១. ពិសារ​ទឹក​ឲ្យបាន​ច្រើន​៖ បង្កើន​ការ​ទទួលទាន​ជាតិ​ទឹក​ឆ្អិន​ឲ្យបាន​ច្រើន​និង​ញឹកញាប់​តាម​ដែល​អាច​ធ្វើទៅបាន ដោយ​មិន​ត្រូវ​រង់ចាំ​រហូតដល់​ស្រេកទឹក​ទេ ។ កុំ​ពិសា​វត្ថុ​រាវ​ដែលមាន​ជាតិ​អាល់កុល​ឬ​ជាតិ​ស្ករ​ច្រើនពេក ពីព្រោះ​សារធាតុ​ទាំង​នេះ​បង្ក​ឲ្យ​អ្នកកាន់តែបា​ត់​បង់ជា​តិ​ទឹក​ច្រើន​។ ជៀសវាង​កុំ​ពិសា​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​រមូលក្រពះ​។​

២. ការ​បែកញើស​ច្រើន​ហូរ​ចេញ​អំបិល​និង​សារធាតុ​រ៉ែ​ចេញពី​រាងកាយ​របស់​អ្នក​ដែល​ត្រូវតែ​បង្គ្រប់​វិញ​។ ប្រសិនបើ​អ្នក ហាត់ប្រាណ​ចូរ​ពិសារ​ទឹក​ភេសជ្ជៈ​ឬ​ទឹក​មាន​ជាតិ​រ៉ែ​ឲ្យបាន​ពីរ​ទៅ​បួន​កែវ​រៀងរាល់​១​ម៉ោង​ម្តង មិន​ត្រូវ​ពិសារ​ជាតិ​អាល់កុ​លឡើយ ។​

៣. ស្លៀកពាក់​សំលៀកបំពាក់​ស្តើងៗ ឬ​មាន​ពណ៌​ស្រាល​និង​ស្លៀកពាក់​រលុង និង​លាបឡេ​ការពារ​កម្តៅថ្ងៃ បើ​អាវ​ធ្វើទៅបាន​។ ការ​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ​ប៉ះពាល់​ដល់​រាងកាយ​និង​ធ្វើឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​។ វា​ក៏​បណ្តាល​ឲ្យ​ស្បែក​មាន​ការឈឺចាប់​និង​ខូច​ស្បែក​ផងដែរ​។ ប្រសិនបើ​អ្នក ចេញ​ក្រៅ​ចូរ​ការពារ​ខ្លួន​អ្នក​ពី​ព្រះអាទិត្យ​ដោយ​ពាក់មួក​ធំ​ទូលាយ និង វ៉ែនតា​ការពារ​។ ស្លៀកពាក់​ឲ្យ​ទារ​កនិង​កុមារ​ខោអាវ​ស្តើង ពណ៌​ស្រាល រ​លុង គ្រប​ក្បាល និង​បាំង​ថ្ងៃ​ឲ្យ​ម្លប់ ដោយ​មួក​ឬ​ឆ័ត្រ ។ ហាម​ទុក​ទារក​កុមារ​ចោល​នៅ​ក្នុង​ឡាន​ដែល​ចត​។​

៤. ប្រសិនបើ​អ្នក​ត្រូវ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ យក​ល្អ​គួរ​ទៅ​នៅ​ពេល​ព្រឹក​និង​ពេល​ល្ងាច​បើ​អាច​ធ្វើទៅបាន​។ សូម​ព្យាយាម​សម្រាក​ឲ្យបាន​ញឹកញាប់​នៅ​កន្លែង​ម្លប់​ដូច្នេះ រាងកាយ​របស់​លោក​អ្នក​នឹង​មាន​ឱកាស​មានកំ​លាំង​ឡើងវិញ​។​

៥. ប្រសិន​បើ​លោក​អ្នក​ទើប​ហាត់ប្រាណ​ដំបូង ឬ​ហាត់ប្រាណ​នៅ​ក្នុង​បរិយាកា​សក្តៅ អ្នក​ត្រូវ​ចាប់ផ្តើម​សកម្មភាព​ហាត់ប្រាណ​ដោយ​យឺតៗ បន្ទាប់​មក​បង្កើនល្បឿន​បន្តិច​ម្តងៗ ដើម្បី​ជៀសវាង​ការប្រឹងប្រែង​ធ្វើ​ទាំង​ក្តៅដែល​បណ្តាល​ឲ្យ​បេះដូង​របស់​លោក​អ្នក​លោត​ញាប់ និង​ដង្ហក់​ហត់ ត្រូវ​បញ្ឈប់​សកម្មភាព​ទាំង​នោះ​ភ្លាម​បើ​មាន​កើតឡើង រួច​ចូលទៅក្នុង​តំបន់​ត្រជាក់​ឬ​យ៉ាងហោចណាស់​ចូលទៅ​ក្នុង​ម្លប់​ហើយ​សម្រាក ពីព្រោះ​វា​បណ្តាល​ឲ្យ​លោក​អ្នក ខ្សោយ​ឬ​ដួលសន្លប់​បាន​។​

៦. ជៀសវាង​អាហារ​ក្តៅៗ និង​ជៀសវាង​ពិសារ​អាហារ​ច្រើនពេក ពីព្រោះ វា​បង្កើន​កម្តៅ​ដល់​រាងកាយ​របស់ លោកអ្នក​។​

៧. កាត់បន្ថយ​ការ​ប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ផ្ទះ ជាពិសេស​ក្នុង​កំឡុងពេល​ថ្ងៃ​និង​នៅ​កន្លែង​ដែល​ប្រឈម​និង​កំដៅ​ខ្លាំង​ដូចជា​នៅ​មាត់​ទន្លេ​ឬ​សមុទ្រ​ជាដើម​។​

៨. ដោយ​រួម​និង​វិធានការ​អាកាសធាតុ​ក្តៅ​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​បន្ថែម​ដូចខាងក្រោម ដើម្បី​ជៀសផុត​ពី​ជំងឺរាក ក្អួត ក្តៅខ្លួន ៖ លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យបាន​ស្អាត​មុន​បរិភោគ ។ សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យបាន​ត្រឹមត្រូវ ។ ចម្អិន​អាហារ​ឲ្យបាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ ។ ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា ។ កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង ។ មិន​ត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​៖ បើ​យើង​រក្សា​ទុក​អាហារ​ក្នុង​ប្រព័ន្ធ​ត្រជាក់​គឺ​ត្រូវឲ្យ​នៅក្រោម​សីតុណ្ហភា​ព​៥​អង្សា​សេ ។ បើ​យើង​រក្សា​ទុក​អាហារ​ក្នុង​ប្រព័ន្ធ​កំដៅ​គឺ​ត្រូវឲ្យ​លើស​ពី​សីតុណ្ហភាព​៦០​អង្សា​សេ​។ កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​។ ត្រូវ​ប្រកាន់​អនាម័យ​ជាប់​ជានិច្ច ដូចជាៈ លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក ក្រោយពេល​ចេញពី​បង្គន់ មុន​ពេល​រៀបចំ​អាហារ មុន​ពេល​បញ្ចុក​កូន និង​មុន​ពេល​ពិសារ​អាហារ ។ អាហារ​ត្រូវ​គ្រប​ជានិច្ច ដើ​ម្បី​ជៀសវា​ងរុយ​រោម ។​

​បើ​មាន​បញ្ហា​សុខភាព​ដែល​បណ្តាល​អោយ​មាន​រាក ក្អួត ក្តៅខ្លួន និង​សន្លប់ សូម​ស្វែងរក​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក​។​

​នាយកដ្ឋាន​សូម​លើកទឹកចិត្ត​ឲ្យ​សាធារណជន​ទូទៅ​អនុវត្ត​តាម​ដំបូន្មាន​សាមញ្ញ​ខាងលើ ដើម្បី​ការពារ​អ្នក​និង​ក្រុមគ្រួសារ និង​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា​ជួប​នូវ​សុខភាព​ល្អ ៕ ដោយ​ ៖​ កូឡាប​

×