ខេត្តស្វាយរៀង ៖ លោកអ៊ូ សុភក្តី អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើការជម្រុញដល់ ប្រជាពលរដ្ឋណាមានដី ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានស្របនឹងច្បាប់ ទើបពុំមានរឿង និងអាចលក់ បញ្ចាំបានទៀតផង។
លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងព្រមទាំងមានការចូលរួមពីលោកសុិន គឹមសាន្តនិងអស់លោក លោកស្រីជាចៅសង្កាត់និងអ្នកដែលពាក់ពន្ធ័ជាច្រើនរូបទៀតផងដែរ ។
លោកក៏បានបញ្ជាក់ថា ៖ កន្លងមកមានគ្រួសារមួយនោះដោយក្តីស្រឡាញ់ដល់កូនពេកបានចែកទ្រព្យសម្បត្តិមានផ្ទះ ដីអស់ពីខ្លួនទៅអោយកូនៗតែទីបំផុតត្រូវកូនសងគុណមកវិញជម្រុញអោយម៉ែឪទៅនៅវត្តព្រោះចាញ់ ល្បែង ជំពាក់ធនាគារលក់ផ្ទះ សម្បែង ដីធ្លីអស់ដោយប្រាប់ម៉ែ ឪថាចាស់ៗអស់ហើយទៅនៅវត្តទៅដូច្នេះសូមឪពុក ម្តាយក៏ដូចអាណាព្យាបាលទាំងអស់មុននិងចែកទ្រព្យសម្បត្តិ ផ្ទះ ដីទៅកូនសូមពិចារណាផងព្រោះវាអាចមានហានិភ័យទៅថ្ងៃក្រោយ ។
លោកបានធ្វើការណែនាំទៅកាន់អាណាព្យាបាល ឪពុក ម្តាយកុំអោយចែកទ្រព្យសម្បត្តិ រួមានផ្ទះ ដីធ្លីអោយកូនអោយអស់ពីខ្លួនពេកព្រោះទៅថ្ងៃអនាគតអាចមានបញ្ហាដល់ខ្លួនដោយកូនខ្លះស្រឡាញ់ឪពុក ម្តាយនិងកូនខ្លះទៀតមិនបានបំពេញតួនាទីជាកូនល្អនោះទេ។
លោក អ៊ូ សុភក្តី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមស្វែងយល់អំពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ដើម្បីពិនិត្យថា តើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹតទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវហើយឬនូវ ក៏ដូចជាការរួមចំណែក នូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជំរុញឲ្យមានទីផ្សារដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថិរភាពសង្គម និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទ៦នេះផងដែរ។
លោកអនុប្រធានសុរិយោដី និងសំណង់បានមានថ្លែងទៀតថា ការប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះហើយមាន៥ ដំណាក់កាលដោយដំណាក់កាលទី១.ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ បង្កើតដោយគណៈកម្មការរដ្ឋបាលជូនដំណឹង ប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ។ ទី២.ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់ និងបញ្ជីឈ្មោះម្ចាស់ដី។ ទី៣.បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់មានរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គងបើផុតរយៈពេលកំណត់ នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។ ទី៤.សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផល នៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធចំពោះក្បាលដីណាដែលមិនមានទំនាស់។ ទី៥.ចុះបញ្ជីចេញប័ណ្ណជូនម្ចាស់ដី ។
លោកបានបន្តថា យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ តម្រូវឲ្យម្ចាស់ក្បាលដីអ្នកកាន់កាប់ដីបង់សេវា នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែមួយគត់ពេលមកទទួលប័ណ្ណ ត្រូវបង់ក្នុងតម្លៃ ដីកសិកម្មជនបទ ស្មើ១រៀល ក្នុង១ម៉ែត្រការ៉េ ដីលំនៅឋានជនបទគឺ១ម៉ែត្រការ៉េ ស្មើ១០រៀល ដីទីប្រជុំជនស្រុកគឺ១ម៉ែត្រការ៉េ ស្មើ២០រៀល ដីទីប្រជុំជនខេត្ត ឬ ដីជាទីប្រជុំជនរាជធានីភ្នំពេញ គឺ១ម៉ែត្រការ៉េ ស្មើ២៥០រៀល ដីទីប្រជុំជនរាជធានីភ្នំពេញ គឺ១ម៉ែត្រការ៉េស្មើ៥០០រៀល៕ ដោយ ៖ វ៉ៃកូ