ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការបោះឆ្នោតនៅថ្ងៃច័ន្ទ ទី១៨នេះ លើសេចក្តីសម្រេចដែលនឹងធ្វើការទាមទារឲ្យមានការលុបចោលសេចក្តីសម្រេចរបស់អាមេរិច ក្នុងការទទួលស្គាល់ទីក្រុងជេរ៉ូសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។
បើតាមអ្នកការទូតបានឲ្យដឹងថា អត្ថបទទាមទារមួយទំព័រ ត្រូវបានបញ្ជូលទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥ ហើយការទាមទារទទួលបានការគាំទ្រច្រើន ប៉ុន្តែវាទំនងជានឹងត្រូវវេតូដោយទីក្រុងវ៉ាស៊ីនតោន។
សូមរំលឹកផងដែរថា ចាប់តាំងពីប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុង ជេរ៉ូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែលមក មានការផ្ទុះការតវ៉ាយ៉ាងច្រើននៅតាមបណ្តោយព្រំដែនប្រទេសប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល បណ្តាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។
មេដឹកនាំប្រទេសកាន់សាសនាអ៊ីស្លាម មិនទទួលយកការប្រកាសរបស់ លោក ត្រាំទេ ហើយមេដឹកនាំនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមចំនួន ៥៧ប្រទេសបានទទួលស្គាល់ ទីក្រុងជេរ៉ូសាឡឹមជារដ្ឋធានីរបស់ប៉ាឡេស្ទីន និងជំរុញឲ្យសហគមន៏អន្តរជាតិធ្វើដូចខ្លួនដែរ៕ សុភ័ក្ត្រ