ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានខកខានឡើងវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម U22 ឥណ្ឌូណេស៊ី ក្រោយចាញ់ក្រុមភ្ញៀវ U22 ថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-៥ នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គ៤ក្រុមចុងក្រោយ។
តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅរាត្រីថ្ងៃទី២៤ខែកុម្ភៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមកោតសរសើរដល់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ ជាមួយក្រុម U22 នៃព្រះរាជាណាចក្រថៃ (កម្ពុជា Vs ថៃ ) ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 LG Championship 2019 ដែលទើបបានបញ្ចប់ការប្រកួតមុននេះបន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលលទ្ធផល (Cambodia 0-0 Thailand)។
សម្តេចហ៊ុន សែន បានអរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗ ដែលបានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាករទាំងអស់ ទទួលបានជោគជ័យថ្មីៗ ជាបន្តបន្ទាប់ទៀត។
ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U22 Championship 2019 រវាងក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា និងក្រុមការពារតំណែងជើងឯក U22 ថៃ បានបញ្ចប់ការប្រកួត ៩០នាទី(២តង់) តែពុំមានការស៊ុតបំប៉ោងសំណាញ់ទីគ្នានោះទេ ដោយរក្សាលទ្ធផល ០-០ ។
សម្រាប់ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាននេះ ទោះបីមិនមានរបូតគ្រាប់បាល់ក្ដី ប៉ុន្ដែក្រុមទាំងពីរ សុទ្ធតែធ្វើបានល្អរៀងៗខ្លួន ពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យក្រុមដំរីសឹកថៃ បុកពោះជាច្រើនលើក និងក្រុមថៃស៊ុតចំរបារទីដល់ទៅ៣លើក តែយ៉ាងណាការកាត់សេចក្ដី រកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង មុនឈានដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្ដី។ កម្ពុជាទាត់ចូល៣គ្រាប់ និងថៃទាត់ចូល ៥គ្រាប់។
ក្រុម U22 ថៃ ត្រូវឡើងទៅប៉ះក្រុម U22 ឥណ្ឌូណេស៊ី ដែលបានឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រមុន បន្ទាប់ពីទម្លាក់ក្រុម U22 វៀតណាម ១-០ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ដោយវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ លើកឡើងថា កីឡាករយុវជនកម្ពុជា បានលេងនៅក្នុងភាពជាកីឡាករ តំណាងជាតិអស់ពីចិត្ត ក្នុងការប្រកួតចាញ់ជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៣ទល់៥ ក្នុងវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ នៃពានជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ។ លោកថា «ខ្ញុំពិតជាមានមោទកភាពសម្រាប់កីឡាកររបស់ខ្ញុំ ខ្ញុំពិតជាមានមោទកភាពសម្រាប់ក្រុមទាំងមូល រាល់ពេលដែលយើងចេញមកទីនេះ យើងព្យាយាមតាំងខ្លួនតំណាងប្រជាជនកម្ពុជា ហើយខ្ញុំសង្ឃឹមថាថ្ងៃនេះពួកគេមានអារម្មណ៍តំណាងជាតិ ដូចដែលខ្ញុំមានជាមួយពួកគេនៅលើទីលាន នៅក្នុងការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ពេលខ្លះយើងឈ្នះ ពេលខ្លះយើងចាញ់ សង្ឃឹមថាលើកក្រោយគឺវានឹងមកខាងយើង ប៉ុន្តែសូមកុំភ្លេចរបៀបដែលក្រុមនេះរបស់យើង ធ្វើឲ្យអ្នកមានអារម្មណ៍មោទកភាព ត្រូវចាំថាក្រុមនេះត្រូវការការគាំទ្រពីអ្នក ដើម្បីបន្តដំណើរទៅមុខទៀត»៕ ដោយ ៖ បញ្ញាស័ក្តិ