ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីថ្លែងការណ៍រួម /Cambodia-Viet Nam Joint Statement ស្តីពីទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តម ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី២៥ -២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា-វៀតណាមដែលមានចំនួន៧ទំព័រ គឺ ៖
– ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើនល្អឥតខ្ចោះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលបានរួមចំណែកក្នុងការធានាសន្តិភាព ស្ថិរភាព និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។
– ភាគីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមតែងតែដឹងនូវគុណូបការៈយ៉ាងធំធេងចំពោះព្រះរាជឧបត្ថម្ភ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាចំពោះ ប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិក្នុងអតីតកាល ក៏ដូចជាក្នុងការស្ថាបនា និង អភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ភាគីទាំងពីរអបអរសាទរចំពោះសាលក្រមចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពីការប្រល័យពូជសាសន៍ ដែលប្រព្រឹត្តឡើងដោយរបបខ្មែរក្រហម។ ភាគីកម្ពុជាបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមបានផ្តល់ជូន ប្រជាជនកម្ពុជានៅក្នុងពេលអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងបានអះអាងថា ប្រជាជនកម្ពុជា នឹងចងចាំជានិច្ចចំពោះជំនួយឧបត្ថម្ភដែលមិនអាចកាត់ថ្លៃបាន និងការគាំទ្ររបស់ភាគីវៀតណាម សម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ ១៩៧៩ និងការរួមចំណែកដល់ការស្តារ និងកសាងកម្ពុជាឡើងវិញ។ ភាគីទាំងពីរបានឯកភាពគ្នាថា ការការពារ ការថែរក្សា និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍នៃការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាមលើកមុនៗ គឺជាការទទួលខុសត្រូវរួមរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសទាំងពីរក៏ដូចជា ដើម្បី សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
– ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ។ បន្តរួមគ្នារៀបចំព្រឹត្តិការណ៍នានាដើម្បីរឹតបន្តឹងទំនាក់ទំនងទ្វេភាគីឱ្យបានស៊ីជម្រៅ។ លើកកម្ពស់ការ យល់ដឹង និងការអប់រំស្តីពីមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាមសម្រាប់ប្រជាជនទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ និងបន្តសហការក្នុងការកែលម្អឡើងវិញនូវស្តូបមិត្តភាពវៀតណាម-កម្ពុជានៅប្រទេសរៀងខ្លួន។
– ភាគីទាំងពីរបានឯកភាពជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយផ្នែកលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសរៀងខ្លួន។ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ។ ចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង/ អនុស្សរណៈនៃការយោគយល់គ្នាថ្មីៗ និងបន្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើកិច្ចព្រមព្រៀង/ អនុស្សរណៈនៃការយោគយល់គ្នាណាដែលចាំបាច់ ដើម្បីសម្រួលដល់ការបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្តល់អាទិភាពដល់ការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ទេសចរណ៍នៃប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពចាត់វិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ ខិតខំប្រឹងប្រែងជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន៥ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ ខាងមុខ បន្ទាប់ពីទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨ សម្រេចបាន ៤,៧ពាន់លានដុល្លារអាមេរិក និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពការអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
– ភាគីទាំងពីរសង្កត់ធ្ងន់អំពីសារៈសំខាន់ និងការឯកភាពគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងនយោបាយ ឬកម្លាំងយោធាណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសខ្លួន ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិនៃប្រទេសមួយទៀត និងដោះស្រាយបញ្ហានានាដែលកើតមានរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ពង្រឹងការសម្របសម្រួលគ្នា ក្នុងគោលដៅថែរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសទាំងពីរ។ បង្កើនកិច្ចសហការលើបញ្ហាមនុស្សធម៌ដូចជាការត្រៀម បង្ការគ្រោះមហន្តរាយធម្មជាតិ ការធ្វើសមយុទ្ធរួមគ្នាសម្រាប់សកម្មភាពរុករក និងជួយសង្គ្រោះ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅកម្ពុជា។
– ភាគីវៀតណាមបានសម្ដែងនូវអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបាន ផ្តល់ការគាំទ្រ និងប្រព្រឹត្តកម្មដោយគ្មានការរើសអើងចំពោះប្រជាជនដែលមានដើមកំណើត វៀតណាម នៅកម្ពុជា។
– ភាគីទាំងពីរបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនដែលបានទទួលយកដោយភាគីទាំងពីរ និងកិច្ចព្រមព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនគោក ដែលសម្រេចបានសិមិទ្ធផល ៨៤% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ ភាគីទាំងពីរបានជំរុញគណៈកម្មការចម្រុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរ ឱ្យបញ្ចប់ឯកសារផ្លូវច្បាប់ចំនួន២ឱ្យបានឆាប់ ដើម្បីទទួលស្គាល់សមិទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកចំនួន ៨៤% ដែលសម្រេចបាន ដោយគណៈកម្មការចម្រុះកិច្ចការព្រំដែនគោក។ ភាគីទាំងពីរបានគាំទ្រឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរ បន្តសហប្រតិបត្តិការពន្លឿនការចរចា ឆ្ពោះទៅសម្រេច ឱ្យបានការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែននៅចំណុចដែលនៅសេសសល់ សំដៅកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
– ភាគីទាំងពីរបានឯកភាពចែករំលែកព័ត៌មានឱ្យបានទៀងទាត់ និងធ្វើការសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ និងសហការគ្នាឱ្យមានប្រសិទ្ធភាព និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសគឺក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
ភាគីទាំងពីរបានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិនានា ដើម្បីធានាការគ្រប់គ្រងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចីរភាព នូវធនធានទឹកទន្លេមេគង្គ ធនធានពាក់ព័ន្ធនឹងទឹក និងបរិស្ថាននៃទន្លេមេគង្គ ហើយនឹងធ្វើសុខដុមភាវូបនីយកម្មផល ប្រយោជន៍របស់បណ្តាប្រទេសក្នុងអាងទន្លេមេគង្គ។
– ភាគីទាំងពីរបន្តផ្តល់សារៈសំខាន់លើការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព នាវាចរណ៍ និងការហោះហើរនៅលើសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរបានឯកភាពជំរុញការ ដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី រក្សាភាពអត់ធ្មត់ ដោយមិនធ្វើគំរាមកំហែង ឬប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជា សាកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និង បានប្តេជ្ញារួមគ្នាជាមួយភាគីពាក់ព័ន្ធ អនុវត្តន៍ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តី ថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានគ្រប់ ជ្រុងជ្រោយ និងជំរុញការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) មួយ ប្រកបដោយខ្លឹមសារ និងលម្អិត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
– ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ និងមានអត្ថន័យជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន ហ្វ៊ូជុង នៅព្រះរាជាណាចក្រកម្ពុជា ដែលរួមចំណែកដល់ការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង រវាងប្រទេស ទាំងពីរ មានភាពកាន់តែខ្លាំងក្លា មានប្រសិទ្ធភាព ជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់ និងនៅលើពិភពលោកផងដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ