ហេតុការណ៍នេះកើតឡើងនៅលើឡានក្រុងនាតំបន់ Dazhi ខេត្ត Huabei ប្រទេសចិន ខណៈពេលដែលម្តាយរូបនេះបានឲ្យកូនប្រុសអាយុ ២ឆ្នាំ ជុះនោមក្នុងធុងសំរាមលើរថយន្តក្រុង ព្រមទាំងវាយអ្នកបើកបរថែមទៀត គ្រាគេស្តីបន្ទោស ។
ប៉ូលិសប្រាប់គេហទំព័រ Pear Video ថា ស្ត្រីនេះមានត្រកូល Chen អាយុ ៤៤ឆ្នាំ ឆ្លើយថា កូនប្រុសត្រូវការបន្ទប់ទឹកពេលនៅលើឡាន ហេតុនេះនាងក៏នាំកូនទៅកាន់ធុងសំរាមលើនោះ ។
អ្នកបើកបរឡានក្រុងបានឃើញទិដ្ឋភាពបែបនេះ ក៏បន្ទោសថានាងគ្មានសុជីវធម៌សោះ រួចក៏ទៅជាជម្លោះពាក្យសំដី ។ ប៉ុន្តែនាង Chen ពុំបញ្ចប់ត្រឹមនេះទេ បានស្ទុះទៅវាយ “បន្ទប់” បើកបរ ហើយឈានទៅវាយអ្នកបើកបរខណៈពេលដែលគាត់កំពុងបញ្ជាចង្កូតរថយន្ត ។
ប្រឈមនឹងស្ថានការណ៍បែបនេះ អ្នកបើកបរបានទូរស័ព្ទប្រាប់ប៉ូលិស ។ Chen បានត្រូវចាប់ខ្លួនពីបទគំរាមដល់សន្តិសុខសាធារណៈ ។ ប៉ូលិសក៏បើកការស៊ើបអង្កេតករណីនេះ ។
ទង្វើរបស់ Chen រងការជេរស្តីខ្លាំងៗពីមហាជន ហើយថានាង Chen ជាអាណាព្យាបាលម្នាក់មិនល្អធ្វើជាគំរូអាក្រក់ដល់កូនខ្លួន ។
ក្មេងចង់ជុះនោម ម្តេចមិនចាំដល់ស្ថានីយ៍បន្តបន្ទាប់តាមផ្លូវ នាំវាចូលបន្ទប់អនាម័យសាធារណៈជាការស្រេចហើយ ចាំបាច់ទង្វើអំពើគ្មានសីលធម៌បែបនេះ ៕ ចន្ទ្រា