តាកែវ ៖ ក្រោយធ្វើការប្រកួតកីឡារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ០៤ ខែមីនា មកដល់រសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៩នេះ រកឃើញក្រុមកីឡាករកីឡាការិនីដែលជាកុមារា និងកុមារី នៅក្នុងស្រុកទ្រាំង ទទួលបានជ័យលីភីចំណាត់ថ្នាក់លេខ១ ចំនួន ៣វិញ្ញាសារផ្សេងៗគ្នា ច្រើនជាងស្រុកផ្សេងៗក្នុងខេត្តតាកែវ ខណៈដែលលេខរៀងបន្ទាប់ពីស្រុកទ្រាំងគឺស្រុកបាទី និងស្រុកកោះអណ្តែត បានទទួលជ័យលីភីជាប់ចំណាត់ថ្នាកលេខ ១ ចំនួន ២វិញ្ញាសារផ្សេងៗគ្នា ដោយឡែកតែក្រុមកីឡាមកពីស្រុកសំរោង គឺមិនទទួលបានចំណាត់ថ្នាក់ លើវិញ្ញាសារណាមួយឡើយ ត្រូវបានលោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ជំរុញអោយគណៈគ្រប់គ្រងការិយាល័យអប់រំយុវជន និងកីឡាស្រុកត្រូវតែពីនិត្យមើល និងពង្រឹងគុណភាពរបស់ក្មួយឡើងវិញ ដើម្បីសម្រាប់ប្រកួតនៅឆ្នាំសិក្សាក្រោយៗទៀត យកជ័យលីភីអោយបាន ដោយមិនត្រូវអោយបាត់បង់នូវចំណាត់ថ្នាក់នេះតទៅទៀតឡើយ ។
លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានមានប្រសាសន៍បន្តថា នេះជាលទ្ធផលមួយដែលធ្វើអោយយើងបានដឹងច្បាស់ថា តើការអន់ថយ និងការកើនឡើងនៃវិស័យកីឡានៅតាមស្រុកមួយចំនួន គឺមានការអន់ថយចុះច្រើន ដូច្នេះដើម្បីពង្រឹងការងារកីឡានេះឡើងវិញ គណៈគ្រប់គ្រងនៅការិយាល័យអប់រំស្រុកទាំងអស់ ត្រូវតែជម្រុញដល់ការលេងកីឡា នៅតាមសាលារៀនអោយបានផុលផសឡើង ពីព្រោះការលេងកីឡា បានជួយអោយរាងកាយរបស់ក្មួយមាំមួន មានសុខភាពល្អ និងបានជៀសឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀនបាន ។
ទន្ទឹមនឹងមានការជម្រុញនេះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ក៏បានធ្វើការកោកសរសើដល់ក្រុមកីឡាករកីឡាការិនី ដែលជាកុមារាកុមារី ដែលខិតខំប្រឹងប្រែងរហូតទទួលបានជ័យលីភីជាប់ជាចំណាត់ថ្នាក់ល្អក្នុងថ្ងៃនេះ ។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗទាំងអស់នៅមានភាពវ័យក្មេង នៅមានអនាគតវែងឆ្ងាយតទៅមុខទៀត ដូច្នេះក្មួយៗទាំងអស់នេះហើយ គឺជាធ្នាល ជាទំពាំងស្នងឬស្សី របស់ក្រុមកីឡាករ កីឡាការិនីរបស់យើងទៅថ្ងៃខាងមុខជាក់ជាមិនខាន ហើយនៅមិនយូរទេ ប្រទេសកម្ពុជា និងធ្វើជាម្ចាស់ផ្ទះលើការប្រកួតកីឡាស៊ីហ្គេមនៅក្នុងឆ្នាំ ២០២៣នេះ ។ អញ្ចឹងដើម្បីជួយដល់ក្មួយៗដែលជាកីឡាករឆ្នើម សូមអោយលោកគ្រូបង្ហាត់ ត្រូវតែបន្តបង្វឹក និងបង្ហាត់ពួកគាត់អោយបានល្អ បន្ថែមទៀត អំពីបច្ចេកទេសលេង និងច្បាប់លេងកីឡា ព្រោះការលេងកីឡា បើសិនជាយើងចេះតែលេង មិនបានយល់ពីច្បាប់កីឡានោះទេ វាក៏ជាឧបស័ក្គមួយសម្រាប់ពួកគាត់ផងដែរ ៕ ដោយ ៖ តាកែវ