ភ្នំពេញ: សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ នៅយប់ថ្ងៃទី 7 ខែមីនា ឆ្នាំ 2019 នេះបានចេញសេចក្តីប្រកាសព័ត៌មានថាសហព័ន្ធសូមជំរាបដំណឹង ជូនសាធារណជនអោយបានជ្រាបថា ចំពោះបាតុភាពដែលបានកើតឡើង ក្នុងពេលបច្ចុប្បន្នតាមបណ្តាញសង្គមហ្វេសបុក ដោយសារមានការភាន់ច្រឡំចំពោះប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ ដែលក្រសួងអនុម័តផ្តល់ក្នុងពេលថ្មីៗនេះ កម្រិត មេដាយមាសពិភពលោក មានចំនួនត្រឹមតែ២០លានរៀលតែប៉ុណ្ណោះ។
សហព័ន្ធកីឡា កាយវប្បកម្មនិងលំហាត់ប្រាណ បានបញ្ជាក់ថាក្រសួងអប់រំយុវជននិងកីឡាមិនបានកាត់យកប្រាក់រង្វាន់ទេ ដោយសារសហព័ន្ធ មិនធ្លាប់ដឹង ពីសេចក្តីប្រកាសអន្តរក្រសួង កាលពីលើកមុនមក ដូចនេះទើបធ្វើឲ្យយើងមានការភាន់ច្រឡំ។
សូមរំលឹកឡើងវិញថា នាពេលកន្លងមកនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ កីឡាករកាយវប្បកម្មរបស់យើងី បានទទួលប្រាក់លើកទឹកចិត្ត ក្នុងល័ក្ខខ័ណ្ឌពិសេសពរលើកពីរាជរដ្ឋាភិបាល ក្នុងនោះមេដាយមាសពិភពលោក ទទួលបានចំនួន១២០លានរៀល ដោយឡែកសម្រា ប់ឆ្នាំ២០១៨នេះ កីឡាករ សំបូរ សុភ័ណ្ឌ បានទទួលមេដាយមាសពីកម្មវិធី ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោកមលើកទី១០ នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ។ ក្រសួងមិនបានស្នើសុំប្រាក់រង្វាន់លើកទឹកចិត្តពិសេស យោងតាមអនុក្រឹតលេខ ៥៣២ អនក្រ.បក ចុះថ្ងៃទី២៥ វិច្ឆិកា ២០១៣ ទៀតទេ ដូចនេះកីឡាករត្រូវទទួលបានប្រាក់លើកទឹកតាមសេចក្តីប្រកាសអន្តរក្រសួង លេខ ៧១៦ សហវ.ប្រក ចុះថ្ងៃទី០៧ កក្កដា ២០១៥។
សារជាថ្មីម្តងទៀត ក្រសួងមិនបានកាត់យកប្រាក់រង្វាន់នោះឡើយ ដោយសារយើងមិនធ្លាប់ដឹង ពីសេចក្តីប្រកាសអន្តរក្រសួង កាលពីលើកមុនមក ដូចនេះទើបធ្វើឲ្យយើងមានការភាន់ច្រឡំ។
សេចក្តីប្រកាសនេះ ចាត់ទុកជាការជូនដំណឹង ដល់សាធារណជនជូនជ្រាប។
សូមបញ្ជាក់ថា ព័ត៌មានដ៏រសើបក្រោយពី កីឡាករកាយវប្បកម្មឈ្មោះ សំបូរ សុភណ្ឌ ដង្ហើយសុំឲ្យសម្តេចតេជោជួយរកយុត្តិធម៍ ក្រោយប្រកួតបានមេដាយមាសលំដាប់ពិភពលោក ត្រូវបានក្រសួងទម្លាក់ប្រាក់រង្វាន់ឲ្យត្រឹមតែ២០លានរៀល។ ក្នុងនោះខាងក្រសួងអប់រំបានបកស្រាយថា ពុំមានការបាត់លុយរង្វាន់អ្វីនោះទេ គ្រាន់តែមានការភ័ន្តច្រឡំនិងមិនបានដឹង អំពីដំណើររឿងនៃការផ្តល់ប្រាក់រង្វាន់តែប៉ុណ្ណោះ និងបានបញ្ជាក់ថាក្រសួងមិនបានចាត់មេដាយមាសនេះ ជាមេដាយមាសពិភពលោកពេញលេញដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។ ជាមួយនឹងការបកស្រាយរបស់ក្រសួង កីឡាករលោក សំបូរ នន់ ជាបងប្រុសបង្កើតរបស់កីឡាករ សំបូរ សុភណ្ឌ បានប្រតិកម្មថា៖ “ពួកខ្ញុំមិនបានយល់ច្រឡំនោះទេ ពីព្រោះអស់លោកមិនបានប្រាប់ពួកខ្ញុំមុន តែបើពួកខ្ញុំដឹងមុនថាប្រាក់រង្វាន់បាន ២០លានរៀលនិង១០០លានរៀលទៀត ចាំស្នើរសុំពិសេសនោះពួកខ្ញុំក៏មិនរករឿងនិងអោយមានបញ្ហានេះកើតឡើងដែល។ ហើយខ្ញុំចង់បញ្ជាក់ថាបើចាំស្នើរសុំពិសេសកុំថាឡើយ ១០០លានរៀល ៥០០លានរៀលក៏ពួកខ្ញុមិនប្រកួតដែល ហើយម្យ៉ាងទៀតអស់លោកថាមេដាយមិនពេញលេញអស់លោកយកអ្វីមកបញ្ជាក់បាទ”។
ក្រោយពីផ្ទុះរឿងដ៏រសើបនេះ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដែលជាសេនាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបកស្រាយថា ពុំមានការបាត់លុយប្រាក់រង្វាន់អីនោះទេ គ្រាន់តែមានការភាន់ច្រឡំ និងមិនបានដឹងអំពីដំណើររឿងនៃការផ្តល់ប្រាក់រង្វាន់តែប៉ុណ្ណោះ ។ លោកថា ប្រាក់រង្វាន់ចំនួន២០លានរៀលនោះគឺកើតចេញពីគោលការណ៍ស្នើសុំពិសេស ដើម្បីតម្រូវទៅលើមេដាយសំបូរ សុភ័ណ្ឌ ដណ្តើមបាន មិនមែនកំណត់១២០លានរៀលដូចទៅនឹងអនុក្រឹត្យនោះទេ ។
លោកបានពន្យល់ទៀតថា ករណីមេដាយរបស់សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃ គឺមានវិញ្ញាសាច្រើនរហូតដល់ទៅ៥១វិញ្ញាសា ហើយមេដាយខ្លះប្រកួតពីពីរទៅបីប្រកួតក៏ទទួលបានមេដាយដែរ ។ ហេតុនេះក្រសួងមិនបានចាត់មេដាយនេះជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀលនោះទេ ដោយក្រសួងបានប្រជុំប្រើប្រាស់ប្រកាសអន្តរក្រសួងដោយផ្តល់ប្រាក់រង្វាន់ប្រមាណជា២០លានរៀលតែម្តង ដើម្បីលើកទឹកចិត្តចំពោះការខិតខំរបស់កីឡាករ ។
បន្ថែមពីលើនេះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដដែលក៏បានលើកឧទាហរណ៍ភ្ជាប់ទៅនឹងកីឡាប៉េតង់ផងដែរ ដែលជាប្រភេទកីឡាធ្លាប់ដណ្តើមបានមេដាយមាសពិភពលោកច្រើនជាងគេ ហើយតែងទទួលបាននូវប្រាក់រង្វាន់១២០លានរៀលពេញថា ប៉េតង់ទៅចូលរួមប្រកួតជើងឯកពិភពលោកម្តងៗមានប្រទេសចូលរួមច្រើន ហើយវិញ្ញាសាត្រឹមតែ៣ទៅ៤វិញ្ញាសាប៉ុណ្ណោះ ទម្រាំដណ្តើមបានមេដាយមាស១ កីឡាប៉េតង់ត្រូវឆ្លងកាត់ការប្រកួតច្រើន តែបើធៀបនឹងកីឡាករសំបូរ សុភ័ណ្ឌ ដណ្តើមបានមេដាយខាងលើគឺខុសគ្នា ។
លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ គណបក្សប្រឆាំង បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី 7 ខែមិនាឆ្នាំ 2019 នេះថា” នេះសម្ដីដែលគ្មានការទទួលខុសត្រូវ ក្នុងនាមស្ថាប័នតែម្ដង”៕ ដោយ:កូឡាប