ប្រទេសចិនបានថ្កោលទោស ចំពោះផ្នត់គំនិតសង្គ្រាមត្រជាក់ របស់សេតវិមានអាមេរិច ក្រោយពេលមានការចេញផ្សាយឯកសារគោលនយោបាយសន្តិសុខអាមេរិចថ្មី។ នេះបើតាមការចេញផ្សាយរបស់ BBC នៅយប់ថ្ងៃអង្គារម្សិលមិញនេះ។
ឯកសារដែលមានកំរាស់ ៦៨ទំព័រ បានចាត់ទុកប្រទេសចិន និងរុស្សីគឺជាដៃគូប្រជែងអំណាចជាមួយនឹងអាមេរិច និងបានរៀបរាប់ពីការគំរាមកំហែងមួយចំនួនដែលពួកគេរៀបចំ។
យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី បាននិយាយថា ទីក្រុងប៉េងកាំង និងរដ្ឋាភិបាលផ្សេងៗទៀតប្តេជ្ញាចិត្តប្រជែងអំណាចរបស់អាមេរិច។
ប៉ុន្តែក្រសួងការបរទេសចិន បានធ្វើការរិះគន់ដល់ឯកសារយុទ្ធសាស្ត្រថ្មីរបស់អាមេរិច ដោយបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនគួរតែបោះបង់គំនិតចាស់កំរិលនោះចោល។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានថ្លែងដូច្នេះថា “គ្មានប្រទេសណា ឬរបាយការណ៏ណាអាចសម្រេចជោគជ័យឡើយ នៅពេលដែលពួកគេបកស្រាយខុសពីការពិត ឬការប្រើប្រាស់ការមួលបង្កាច់ព្យាបាទគេ”។
អ្នកនាំពាក្យរូបនោះបន្តទៀតថា “ពួកយើងសូមជំរុញឲ្យភាគីអាមេរិចបញ្ឍប់ ការបកស្រាយយុទ្ធសាស្ត្ររបស់ប្រទេសចិនដោយខុសការពិត និងបោះបង់គំនិតហូសសម័យនៃផ្តត់គំនិតសង្គ្រាមត្រជាក់ចោល និងការទទួលបានផលប្រយោជន៏ពីការព្យាបាទគេ”។
ចំនែកប្រទេសរុស្សីវិញ បានឆ្លើយតបទៅនឹងគោលនយោបាយសន្តិសុខថ្មីរបស់អាមេរិចផងដែរ ដោយបានលើកឡើងថា ខ្លួនមិនអាចទទួលយកការលើកឡើងរបស់អាមេរិចបានឡើយ ហើយវាគឺជាការគំរាមកំហែង។
រុស្សីក៏បានរិះគន់ អ្វីដែលខ្លួននិយាយថាវាគឺជាចរិតចក្រពត្តិនិយមនៃឯកសារនោះ។
នៅក្នុងឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី ប្រទេសចិន និងរុស្សីត្រូវបានគេបញ្ជាក់ថា នឹងប្រជែងអំណាច ឥទ្ធិពល និងផលប្រយោជន៏របស់អាមេរិច និងប៉ុនប៉ងច្រោះសន្តិសុខជាតិ និងវិបុលភាពរបស់អាមេរិច។
នៅក្នុងឯកសារ ក៍មានអះអាំងបញ្ជាក់ពីប្រទេសចិនដូចជា៖
– ចិន និងរុស្សីកំពុងអភិវឌ្ឍន៏អាវុធទំនើប និងសមត្ថភាពដែលអាចគំរាមកំហែងដល់អាមេរិច
– គូប្រជែង ដូចជាចិននេះ បានលួចកម្មសិទ្ធិបញ្ញារបស់អាមេរិចដែលមានតម្លៃជាទឹកប្រាក់ រាប់រាយពាន់លានដុល្លា
– ចិន និងរុស្សីកំពុងវិនិយោគក្នុងការអភិវឌ្ឍន៏ពិភពលោក ដើម្បីពង្រឹងឥទ្ធិពល និងទទួលបានគុណសម្បត្តិនៃការប្រកួតប្រជែងលើអាមេរិច
– នៅតំបន់អ៊ឺរ៉ុបវិញ ប្រទេសចិនកំពុងទទួលបានជំហរយ៉ាងមាំ តាមរយៈការពង្រឹងការអនុវត្តការធ្វើជំនួញដោយគ្មានតម្លាភាព និងវិនិយោគទុនលើឧស្សាហ៏កម្មសំខាន់ៗជាច្រើន
– ចិនក៏កំពុងតែចង់ទាញអាមេរិចកណ្តាលឲ្យចូលគន្លងរបស់ខ្លួន តាមរយៈការវិនិយោគទុន និងកម្ចី៕ សុភ័ក្ត្រ