ភ្នំពេញ : ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំប្រជាពលរដ្ឋប្រមាណជាង៦៥១នាក់ មកពីបណ្តាឃុំនានាក្នុងស្រុកកោះធំ ខេត្តកណ្តាល ធ្វើដំណើរកំសាន្តតាមរថភ្លើង ផ្តើមចេញដំណើរពីស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្ថានីយរមាស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ការដឹកនាំប្រជាពលរដ្ឋស្រុកកោះធំធ្វើដំណើរកំសាន្តតាមរថភ្លើងជាលើកទីបួននេះ រៀបចំឡើង ដើម្បីជំរុញ ឲ្យមានការគាំទ្រលើការធ្វើដំណើរតាមរថភ្លើងភាគខាងជើងរាជធានីភ្នំពេញ (ភ្នំពេញ-ប៉ោយប៉ែត) ដែល រាជរដ្ឋាភិបាលកម្ពុជាបានតភ្ជាប់ឡើងវិញទាំងស្រុងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ក្រោយពីការខកខានដំណើរការ និងកាត់ផ្តាច់ដោយសារសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
នេះជាសារបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ ប្រព័ន្ធផ្លូវដែកកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញនៅក្នុងសម័យសង្គ្រាម និងជាការចង់ឲ្យអ្នកស្រុកកោះធំ បានស្គាល់រសជាតិនៃការធ្វើដំណើរតាមរថភ្លើង ដែលពួកគាត់ក៏ដូចជាប្រជាជនកម្ពុជាភាគច្រើន មិនធ្លាប់បានធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនដ៏មានប្រសិទ្ធភាពប្រភេទនេះ។
ជាងនេះទៅទៀត ផ្លូវដែកភាគខាងជើងដែលត្រូវបានតភ្ជាប់ទាំងស្រុងពីភ្នំពេញទៅប៉ោយប៉ែត ផ្ដល់ជម្រើសក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ សំដៅកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ អាច ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជាតិអន្តរជាតិ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ពង្រឹងសក្ដានុ ពលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ឆ្ពោះទៅកាន់ការកាត់បន្ថយភាពក្រីក្រ។
សូមជម្រាបជូនផងដែរថា ផ្លូវដែកកម្ពុជាត្រូវបាន ចែកចេញជាពីរខ្សែធំៗ ៖
ខ្សែទី០១- ស្ថិតនៅ ទិសពាយ័ព្យព្យ ចាប់ពីរាជធានីភ្នំពេញ ទៅដល់ ប៉ោយប៉ែត ព្រំប្រទល់ កម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវបានកសាងក្នុងអំឡុងឆ្នាំ ១៩២៩-១៩៤២ ក្នុងសម័យអាណានិគមបារាំង ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្តិ មុនីវង្ស។
ខ្សែទី០២- ស្ថិតនៅទិសនិរតី ចាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង ២៦៦ គីឡូម៉ែត្រ ត្រូវបានកសាងក្នុងអំឡុងឆ្នាំ ១៩៦០-១៩៦៩ ក្នុងសម័យ សង្គមរាស្ត្រនិយម ក្នុងរជ្ជកាលព្រះបរមរតនកោដ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
កម្ពុជាក៏បាននាំចូលក្បាលរថភ្លើង ប្រភេទទំនើប ចំនួន០៣គ្រឿងមកពីប្រទេស ម៉ិចស៊ីកូ កំពុងធ្វើការរត់សាកល្បង មុនដាក់ឲ្យដំណើរផ្លូវការ។ លើសពីនេះទៅទៀតក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងធ្វើការសិក្សាលទ្ធភាព ក្នុងការសាងសង់ផ្លូវរថភ្លើងដំណើរការដោយស្វ័យប្រវត្តិ តភ្ជាប់តំបន់នៅក្នុងប្រទេស និងតភ្ជាប់ផ្លូវដែកពីស្ថានីយរាជធានីភ្នំពេញទៅកាន់ប្រទេសជិតខាងបន្ថែមទៀតផងដែរ៕ ដោយ ៖ កូឡាប