ថ្មីៗនេះ ស្ត្រីម្នាក់រស់នៅសង្កាត់ Besiktas ទីក្រុង Istanbul ទួគី បានដាច់ចិត្តទៅរកគ្រូទាយឈ្មោះ HR ដើរពឹងពាក់ជួយរកគូស្រករល្អល្អន់ម្នាក់ ។ គ្រូទាយប្រាប់ថាអាចជួយនាងបានដោយគូសផែនទីតារាសាស្ត្រចង្អុលផ្លូវទៅរក ។
ប៉ុន្តែនាងត្រូវចំណាយ ២.០០០ lira (ប្រមាណ ៤០០ដុល្លារ) ដើម្បី “ត្រួសត្រាយផ្លូវទៅរកសំណាង” ។ ព្រោះតែគ្មានដើមទ្រូងស្អំនឹងគេយូរហើយ នារីនេះដាច់ចិត្តចំណាយ ។ ប៉ុន្តែមួយរយៈក្រោយ នាងបានវិលទៅជួបគ្រូទាយដដែលហើយប្រាប់ថា នៅពុំទាន់បានជួប… ។ ពេលនោះគ្រូទាយនិយាយថា ភ័ព្វសំណាងមិនទាន់មកដល់ ហើយសំណូមពរឲ្យនាងផ្តល់បន្ថែមលុយ ៤.០០០ lira (800 ដុល្លារ) ទៀតដើម្បី…ជួយឲ្យលឿន ។
៦ខែកន្លងផុតទៅ នៅតែគ្មានទ្រូង “ស្អំ” ដដែល លុយក៏អស់ នាងដាច់ចិត្តរាយការណ៍សុំជំនួយពីប៉ូលិស ។
គ្រូទាយ H.R ត្រូវទៅកាន់តុលាការ ហើយត្រូវជាប់ពន្ធនាគារ៣ឆ្នាំ ពីបទ “បោកបញ្ឆោតជំនឿអ្នកដទៃ” ។
នេះឯងគេហៅថា “ប្រាក់ក៏បង់ ថង់ក៏ដាច” នោះ ៕ ចន្ទ្រា