តាកែវ ៖ ឆ្លងកាត់ការប្រកួតកីឡាយ៉ាងស្វីតស្វាញអស់រយៈពេល ៤ថ្ងៃកន្លងមកនេះ គណៈកម្មការរៀបចំការប្រកួតនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានរកឃើញម្ចាស់ជ័យលីភីទាំង ៤ប្រភេទកីឡានេះហើយ។
ថ្លែងក្នុងឳកាសបិទវគ្គការប្រកួតកីឡាជ្រើសរើសជើងឯកទូរទាំងខេត្តសិស្សមធ្យមសិក្សាឆ្នាំ២០១៨-២០១៩នេះ នារសៀលថ្ងៃទី២២ ខែមីនាឆ្នាំ ២០១៩ នៅទីលានបាល់ទាត់សាលាគរុកោសល្យខេត្ត លោក មូល វិចិត្រ អភិបាល រងខេត្តតាកែវ បានជំរុញនិងលើកទឹកចិត្តដល់ក្រុមកីឡាករកីឡាការិនីដែលទទួលបានជ័យលីភី ត្រូវតែបន្តហ្វឹកហាត់បន្ថែមទៀត ទៅលើបច្ចេកទេសនៃការលេងកីឡា នីមួយៗ ព្រោះបន្ទាប់ពីការបញ្ចប់នៃការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងខេត្តនេះ គឺក្រុមក្មួយៗទាំងអស់និងត្រូវបន្តទៅប្រកួតនៅថ្នាក់ជាតិនាពេលខាងមុខទៀត ដូច្នេះដើម្បីជាកិត្តិយសនៃខេត្តរបស់យើង កីឡាករ កីឡាការិនីទាំងអស់ត្រូវតែខិតខំអោយអស់ពីសមត្ថភាព លើការដណ្តើមយកជ័យលីភី មកអោយខេត្តរបស់យើង ។ ជុំវិញជាមួយនិងការត្រៀមទៅប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញនាពេលដ៏ខ្លៃខាងមុខនេះ សូមអោយគ្រូបង្គោល ដែលជាអ្នកដឹកនាំក្រុមកីឡាករ នៅពេលត្រឡប់ទៅវិញ ត្រូវតែព្យាយាមបំពេញបន្ថែមនៅចន្លោះខ្វះខាតដែលក្រុមកីឡាកររបស់មានការខ្វះខាត ហើយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក៏ដូចជាស្ថាប័ននានា អង្គភាពពាក់ព័ន្ធ ត្រូវតែចូលរួមជួយឧបត្តម្ភគាំទ្របន្ថែមទៀតផងដែរ សម្រាប់ជាកំលាំងចិត្តដល់ពួកគាត់ ទាំងអស់គ្នា ស្របពេលដែលសិស្សានុសិស្សទាំងអស់នោះ ពាំនាំនៅជ័យលីភីត្រឡប់មកខេត្តវិញ ។
ក្រោយបញ្ចប់ការប្រកួតជ្រើសរើសជើងឯករួចមក យើងសង្កេតឃើញថា នៅមានស្រុកមួយចំនួន មិនទទួលបាននៅជ័យលីភីឡើយ ដែលនេះជាចំនុចអន់ថយមួយលើផ្នែកកីឡា ក្នុងនោះលោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានលើកឡើងថា នេះជាលទ្ធផលមួយដែលធ្វើអោយយើងបានដឹងច្បាស់ថា តើការអន់ថយ និងការកើនឡើងនៃវិស័យកីឡានៅតាមស្រុកមួយចំនួន គឺមានការអន់ថយនូវកម្រិតណាមួយ ដូច្នេះដើម្បីពង្រឹងការងារកីឡានេះឡើងវិញ គណៈគ្រប់គ្រងនៅការិយាល័យអប់រំស្រុកទាំងអស់ ចាប់ពីពេលនេះតទៅមិនត្រូវប្រងើយកន្តើយទៀតឡើយ ត្រូវតែជម្រុញដល់ការលេងកីឡា នៅតាមសាលារៀនអោយបានផុលផសឡើងវិញ ពីព្រោះការលេងកីឡា បានជួយអោយរាងកាយរបស់ក្មួយៗមាំមួន មានសុខភាពល្អ និងបានជៀសឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀនផងដែរ ។
សូមបញ្ជាក់ផងដែរថា ចំពោះម្ចាស់ជ័យលីភីលើការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាឆ្នាំ ២០១៨-២០១៩នេះ វិញ្ញាសារកីឡាបាល់ទាត់បុរស លេខ១ បានទៅលើកម្រងមធ្យមសិក្សាក្រុងដូនកែវ លេខ២ កម្រងមធ្យមសិក្សាស្រុកត្រាំកក់ លេខ ៣ កម្រងមធ្យមសិក្សាស្រុកអង្គរបូរី ផ្នែកនារី លេខ ១ បានទៅលើកម្រងមធ្យមសិក្សាស្រុកកោះអណ្តែត លេខ២ កម្រងមធ្យមសិក្សាស្រុកត្រាំកក់ លេខ៣ កម្រងមធ្យមសិក្សាក្រុងដូនកែវ ។ វិញ្ញាសារបាល់ទះ ផ្នែកបុរស លេខ១ បានទៅលើកម្រងមធ្យមសិក្សាស្រុកត្រាំកក់ លេខ២ កម្រងមធ្យមសិក្សាស្រុកទ្រាំង លេខ ៣ កម្រងមធ្យមសិក្សាស្រុកបូរីជលសារ ផ្នែកនារី លេខ១ កម្រងមធ្យមសិក្សាស្រុកទ្រាំង លេខ២ កម្រងមធ្យមសិក្សាស្រុកព្រៃកប្បាស លេខ៣ កម្រងមធ្យមសិក្សាស្រុកបាទី ។ វិញ្ញាសារបាល់បោះ ផ្នែកបុរស លេខ១ បានទៅលើកម្រងមធ្យមសិក្សាក្រុងដូនកែវ លេខ២ កម្រងមធ្យមសិក្សាស្រុកត្រាំកក់ លេខ៣ កម្រងមធ្យមសិក្សាស្រុកទ្រាំង ផ្នែកនារី លេខ១ កម្រងមធ្យមសិក្សាស្រុកត្រាំកក់ លេខ២ កម្រងមធ្យមសិក្សាក្រុងដូនកែវ លេខ៣ កម្រងមធ្យមសិក្សាស្រុកព្រៃកប្បាស ។ វិញ្ញាសារប៉េតង់ ប៊ូល ៣ទល់៣ ផ្នែកបុរស លេខ ១ កម្រងមធ្យមសិក្សាស្រុកត្រាំកក់ ផ្នែកនារី លេខ១ កម្រងមធ្យមសិក្សាស្រុកត្រាំកក់ ៕ តាកែវ