ទាហ៊ានកូរ៉េខាងជើងម្នាក់ទៀតហើយបានរត់ចូលកូរ៉េខាងត្បូងតាមច្រកនៃតំបន់គ្មានកងទ័ព (DMZ) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ និងមានការបាញ់កាំភ្លើងពីភាគីទាំងពីរ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយដោយសារព៌តមាន Yonhap។
“ទាហ៊ានជាន់ទាបម្នាក់បានលេចមុខនៅខាងមុខប៉ុស្តិ៍យាម នៅម៉ោងប្រហែល ៨ព្រឹកក្រោយពេលមានការចុះអ័ព្ទខ្លាំង”។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសេនាធិការកូរ៉េខាងត្បូង។
មន្ត្រីដដែលបញ្ជាក់ប្រាប់អ្នកសារព៌តមានថា ក្រោយពេលរត់ផ្តាច់ខ្លួនចូលកូរ៉េខាងត្បូង ទាហ៊ានយាមព្រំដែនរបស់កូរ៉េខាងជើងបានដើរមកក្បែរបន្ទាប់ព្រំដែនយោធា ដើម្បីស្វែងរកមើលអ្នករត់គេចខ្លួន។
ជាការឆ្លើយតប ទាហ៊ានកូរ៉េខាងត្បូងបានបាញ់ព្រមានប្រហែល ២០គ្រាប់នៅម៉ោងប្រហែល ៩ និង ៣០នាទីព្រឹកដដែល។
ទាហ៊ានដែលបានរត់ផ្តាច់ខ្លួននេះ ឥឡូវកំពុងស្ថិតក្នុងការឃុំខ្លួន ហើយទីក្រុងសេអ៊ូលកំពុងធ្វើការស៊ើបអង្កេតពីគោលបំណងនៃការរត់ផ្តាច់ខ្លួនរបស់គាត់។
សូមរំលឹកផងដែរថា កាលពីខែមុនក៍មានទាហ៊ានកូរ៉េខាងជើងម្នាក់បានផ្សងគ្រោះថ្នាក់ ដើម្បីរត់ផ្តាច់ខ្លួនចូលមកកាន់កូរ៉េខាងត្បូង។ ក្នុងកំឡុងរត់ផ្តាច់ខ្លួន គាត់ត្រូវបានទាហ៊ានកូរ៉េខាងជើងគ្នាអែងបាញ់ឲ្យរងរបួសធ្ងន់ ក្រោយពេលបើកឡាន និងរត់ចូលកូរ៉េខាងត្បូងតាមតំបន់គ្មានកងទ័ព ដែលជាតំបន់យាមកាមតឹងតែបំផុត៕ សុភ័ក្ត្រ