អាមេរិចបានស្នើដល់អង្គការសហប្រជាជាតិឲ្យហាមឃាត់កប៉ាល់ចំនួន ១០គ្រឿង មិនឲ្យចូលចតគ្រប់កំពង់ផែទាំងអស់ទូទាំងពិភពលោក ដោយសារជាប់ទាក់ទងទៅនឹងការធ្វើជំនួញជាមួយនឹងប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយរបស់ CNN នៅថ្ងៃព្រហស្បតិ៍នេះ។
ការស្នើរបស់អាមេរិចនេះ កើតឡើងក្រោយពេលអង្គការសហប្រជាជាតិបានដាក់បញ្ជូលកប៉ាល់ចំនួន ៤រួចមកហើយក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមាន កប៉ាល់មួយគ្រឿងដែលត្រូវគេចាប់បាន រត់ពន្ធអាវុធចំនួន ៣០.០០០ដើមកាលពីឆ្នាំ ២០១៦។
អ្នកនាំពាក្យបេសកម្មអ៊ីតាលីប្រចាំអង្គការសហប្រជាជាតិឈ្មោះ Giovanni Davoli បានបញ្ជក់ពីការស្នើរបស់អាមេរិចនេះ។
ប្រទេសអ៊ីតាលី បច្ចុប្បន្នគឺជាប្រធានគណៈកម្មការផ្នែកទណ្ឌកម្មលើកូរ៉េខាងជើង របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ហើយគណៈកម្មការនេះមានតួនាទីចាប់វិធានការ និងពង្រឹងវិធានការប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់របបនេះ។
ក្រសួងការបរទេសអាមេរិច និងតំណាងបេសកកម្មអាមេរិចប្រចាំអង្គការសហប្រជាជាតិមិនទាន់បានធ្វើការឆ្លើយតបភ្លាមៗទៅនឹងសំណើរនោះទេ។
អ្នកវិភាគនិយាយថា ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់ការដឹកទំនិញឆបោកតាមកប៉ាល់ជាច្រើន ឆ្នាំមកហើយ ក្នុងគោលបំណងជួយរកចំណូលសំរាប់ផ្គត់ផ្គងរបបរបស់ខ្លួន ហើយសហរដ្ឋអាមេរិចបានស្នើឲ្យមានការធ្វើកិច្ចការបន្ថែមទៀតដើម្បីបង្ក្រាបការដឹកជញ្ជូនទំនិញពី និងទៅកាន់កូរ៉េខាងជើង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយរួចមកហើយ ដោយបានឲ្យរដ្ឋជាសមាជិកទាំងអស់ត្រូវហាមឃាត់ការកប៉ាល់ដែលមុខសញ្ញាមិនឲ្យចូលចតក្នុងកំពង់ផែរបស់ពួកគេ៕ សុភ័ក្ត្រ