កងល្បាតសមុទ្រកូរ៉េខាងត្បូង នៅថ្ងៃ ២០/១២ ឲ្យដឹងថា ពួកគេបានបាញ់អស់ ២៤៦គ្រាប់ ដើម្បីព្រមាន និងរុញច្រាន នាវាល្បាតចិន រួមមាន ៤៤គ្រឿង ដែលសុទ្ធសឹងតែនាវានេសាទខ្នាតធំ ស្រោបដែកថែប ប៉ុនប៉ងចូលមកលួចនេសាទក្នុងដែនសមុទ្រកូរ៉េខាងត្បូង។

ដំបូងឡើយនាវាល្បាតរបស់កូរ៉េខាងត្បូង បានប្រើឧឃោសនស័ព្ទស្រែកឲ្យនាវានេសាទរបស់ចិនថយក្រោយ ប៉ុន្តែនាវាទាំងនោះបែរជាបើកសំដៅពួកគេទៅវិញ ជាហេតុបង្ខំចិត្តត្រូវផ្ទុះអាវុធព្រមាន និងបង្ខំឲ្យថយក្រោយ។
ចំពោះករណីនេះ ក្រសួងការបរទេសចិន ធ្លាប់បានធ្វើកំណត់ហេតុទូត ជុំវិញករណីក្រុងសេអ៊ូលដើម្បីបណ្តេញនាវានេសាទចិន ។ ប៉ុន្តែក្រសួងការបរទេសកូរ៉េខាងត្បូង បានអះអាងថា កងកម្លាំងល្បាតរបស់ខ្លួនតែងប្រតិបត្តិនូវសកម្មភាពដែលច្បាប់អនុញ្ញាត ហើយវាជារឿងស័ក្តិសមសម្រាប់ការទប់ទល់កងនាវានេសាទចិន រំលោភបំពានដែនសមុទ្រកូរ៉េខាងត្បូង ដើម្បីធ្វើនេសាទខុសច្បាប់៕ ចន្ទ្រា