ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី 25 ខែមិនាឆ្នាំ 2019 បានប្រកាសលើ ផេក facebook ផ្លូវការរបស់ខ្លួនថា សូមអបអរសាទរ ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វាររបស់យើង នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះហើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដំណឹងល្អ! នៅថ្ងៃទី ០៣ មេសា ២០១៩ ជាកាលបរិច្ឆេទ គ្រោងបេីកដំណេីរការឡេីងវិញ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វាទី១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ននៃព្រះរាជាណាចក្រកម្ពុជា។
ការស្តារទ្បើងវិញស្ពានជ្រោយចង្វាចាស់ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនសាធារណៈឆ្លងកាត់ទន្លេ។
រដ្ឋបាលរាជធានី បានបញ្ជាក់ថា គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក។
ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ នឹងប្រើរយៈពេលប្រមាណជា (២១ខែ) រហូតដល់ ខែមិថុនា ឆ្នាំ២០១៩។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។
ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន១០០ភាគរយហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីរខ្មែរ៕ ដោយ:កូឡាប