ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើដល់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និង ក្រសួងការពារជាតិកម្ពុជា ត្រូវសហការគ្នាឲ្យបានស្អិតល្មួត និងចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក ហើយផ្តល់ព័ត៌មាន ពីគ្នាទៅវិញទៅមក លើការងារពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ។
នៅព្រឹក ថ្ងៃព្រហស្បតិ៍ទី២១ ខែ ធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃប្រទេសវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ លោក Nguyen Chivinh បានគោរពជម្រាបជូន សម្តេចតេជោ អំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នមានភាពល្អប្រសើរជាទីបំផុត ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌកម្ពុជា វៀតណាម ឡាវ គឺមានភាពល្អប្រសើរផងដែរ។ នៅល្ងាចនេះ លោក នឹងជួបពិភាក្សាការងារជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ អំពីការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការវិស័យយោធា ការចែករំលែកបទពិសោធន៍ នៃការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ កិច្ចសហប្រតិបត្តិការល្បាតលើដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែន ព្រមទាំងជំរុញនូវកិច្ចសហប្របតិបត្តិការលើវិស័យវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសទាំង៤ ដូចជា កម្ពុជា ឡាវ វៀតណាម និងប្រទេសចិនអោយកាន់តែស្អិតរមួតនិងមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក Nguyen Chivinh ហើយបានស្នើសុំឲ្យភាគីវៀតណាម និងកម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែខ្លាំងឡើងថែមទៀត។ ក្នុងនោះដែរ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ដល់ លោក Nguyen Chivinh និងប្រតិភូ និង ក្រសួងការពារជាតិកម្ពុជាសហការគ្នាឲ្យបានស្អិតល្មួត និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកហើយផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមក លើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ហើយបានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយសង្គ្រោះប្រជាជនតាមព្រំដែន នៅពេលដែលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ឱ្យត្រៀមក្នុងការងារសង្គ្រោះនៅតាមព្រំដែន ក្នុងករណីមានទឹកជំនន់ បាក់ច្រាំង ខ្យល់ព្យុះ និងភ្លើងឆេះព្រៃជាដើមនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តើមស្នើអោយមានកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរក្នុងការចូលរួមបេសកកម្មការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្រៅប្រទេសទៀតផង។ ក្រោយពីកិច្ចពិភាក្សារួចហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទស្សនាខ្សែភាពយន្តឯកសារ អំពីការរស់ឡើងវិញនៃកម្ពុជាក្រោយរបបវាលពិឃាត ដែលខ្សែភាពយន្តនេះនឹងដាក់បញ្ចាំងនៅតាមស្ថានីយ៍ទូរទស្សន៍ និងហ្វេសប៊ុកសម្តេចតេជោផ្ទាល់ (Facebook) នៅមុនថ្ងៃទី ៧ មករា ឆ្នាំ ២០១៨ ខាងមុខនេះ៕ ដោយ ៖ បញ្ញាស័ក្តិ