អង្គមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រដោយដាច់ខាត លើសេចក្តីសម្រេចមួយ ដែលស្នើឲ្យសហរដ្ឋអាមេរិច លុបចោលការទទួលស្គាល់ទីក្រុងជេរ៉ូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។
នៅក្នុងសេចក្តីសម្រេចបាននិយាយថា រាល់សេចក្តីសម្រេចទាំងឡាយណាដែលទាក់ទងទៅនឹងស្ថានភាពរបស់ទីក្រុងជេរ៉ូសាឡឹម មិនមានសុពលភាព និងត្រូវតែលុបចោលជាដាច់ខាត។

សេចក្តីសម្រេចទទួលបានការគាំទ្រដោយរដ្ឋចំនួន ១២៨ ចំណែកប្រទេស ៣៥ទៀតបោះឆ្នោតអនុប្បវាទ (មិនគាំទ្រ ហើយក៏មិនប្រឆាំង) និង ប្រទេស ៩បោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេច។
ការបោះឆ្នោតគាំត្រពេញទំហឹងលើសេចក្តីសម្រេចនេះ កើតមានឡើងក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានធ្វើការព្រមានថានឹងកាត់ជំនួញហិរញ្ញាវត្ថុ ទៅដល់ប្រទេសជាសមាជិកទាំងឡាយណាដែលបោះឆ្នោតប្រឆាំងនឹងខ្លួន។
ក្នុងចំណោមរដ្ឋបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ មានសមាជិកអចិន្ត្រៃយ៏ចំនួន ៤របស់ក្រុមប្រឹក្សាសន្តិសុខ គឺ ចិន បារាំង រុស្សី និងចក្រភពអង់គ្លេស។
សូមរំលឹកផងដែរថា មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក ១៩៣ប្រទេស បានរៀបចំកិច្ចប្រជុំពិសេសដ៏កំរមួយ ក្រោយពេលមានសំណើរពីប្រទេសនៅភិពពអារ៉ាប់ និងប្រទេសកាន់សាសនាអ៊ីខ្លាមទាំងអស់ ដែលប្រទេសទាំងនេះថ្កោលទោសសេចក្តីសម្រេចចិត្តរបស់ ដូណាល់ ត្រាំជុំវិញបញ្ហាជេរ៉ូសាឡឹម។
ប្រជាជនប៉ាឡេស្ទីបានស្នើឲ្យមានកិច្ចប្រជុំ ក្រោយពេលសហរដ្ឋអាមេរិច បានវេតូសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ សុភ័ក្ត្រ