ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់របាយការណ៍ពីក្រសួងឯកភាពកូរ៉េខាងត្បូងនៅថ្ងៃ ២១/១២ ឲ្យដឹងពីករណីពលរដ្ឋកូរ៉េខាងជើង២រូប បានភៀសខ្លួនមកកាន់កូរ៉េខាងត្បូង ។
មន្ត្រីកូរ៉េខាងត្បូងម្នាក់ឲ្យដឹងថា “យន្តហោះល្បាតការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង បានរកឃើញទូកឈើតូចមួយចម្ងាយពីប្រជុំកោះដុកកូ ប្រែហល១០០គីឡូម៉ែត្រ ភាគខាងជើង នៅអំឡុងពេលប្រហែលម៉ោង ១១និង៣០នាទី ថ្ងៃទី ២០/១២។

មន្ត្រីខាងលើនិយាយបន្ថែមថា ពលរដ្ឋកូរ៉េខាងជើងទាំងពីររូបដែលនៅលើទូកនោះ ឆ្លើយថា ពួកគេមានបំណងភៀសខ្លួន។ ពួកគេទាំង២នាក់ មានវ័យពុំច្រើនប៉ុន្មានទេ ហើយបានយកជីវិតប្រថុយរសាត់អណ្តែតលើសមុទ្រក្នុងអំឡុងពេលមួយវែង បច្ចុប្បន្នអ្នកទាំងពីរកំពុងត្រូវបានយកចម្លើយ រួចចាត់ចែងតាមបទកំណត់។
តាមស្ថិតិរបស់សេនាធិការទ័ពចម្រុះកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៧នេះ មានពលរដ្ឋកូរ៉េខាងជើង ១៥នាក់ មានទាហាន ៤នាក់ បានភៀសខ្លួនមកកាន់កូរ៉េខាងត្បូង៕ ចន្ទ្រា